នគរបាលអង់គ្លេស បានចាប់ខ្លួនមនុស្ស ៤៧៤នាក់ អំឡុងបាតុកម្មនៅទីក្រុងឡុងដ្រ៍ ដើម្បីគាំទ្រក្រុមហាមឃាត់ “សកម្មភាពប៉ាឡេស្ទីន” ។
នគរបាលក្រុងនិយាយថា បាតុករ ៤៦៦នាក់ ត្រូវបានចាប់ខ្លួនសម្រាប់ការគំាទ្រក្រុមមួយនេះ ក្នុងនោះ មនុស្ស ៥នាក់ សម្រាប់ការបំពានមន្រ្តីនគរបាល មនុស្ស ២នាក់ សម្រាប់ការបំពានសណ្តាប់ធ្លាប់សាធារណៈ និងមនុស្សម្នាក់ សម្រាប់អំពើហិង្សាប្រកាន់ជាតិសាសន៍ ។

ក្រុមបាតុករនាំគ្នាបង្ហាញបដាសរសេរថា “ខ្ញុំប្រឆាំងអំពើប្រល័យពូជសាសន៍ ។ ខ្ញុំគាំទ្រក្រុមសកម្មភាពប៉ាឡេស្ទីន” នៅក្នុងបាតុកម្មដែលរៀបចំឡើងដោយក្រុមសកម្មជន “Defend Our Juries” នៅលើទីលានចតុរង្គ Parliament ស្ថិតក្នុងទីក្រុង Westminster ។
រដ្ឋាភិបាលអង់គ្លេស បានប្រកាសហាមឃាត់ក្រុម “សកម្មភាពប៉ាឡេស្ទីន” កាលពីខែកក្កដា ក្រោមច្បាប់ភេរវកម្មលេខ ២០០០ ធ្វើឲ្យការគំាទ្រ ឬការចូលជាសមាជិកក្រុមមួយនេះ នឹងក្លាយជាការបំពានដែលអាចត្រូវបានដាក់ទោសឲ្យជាប់ពន្ធនាគាររហូតដល់រយៈពេល ១៤ឆ្នាំ ។
ពុំមានមន្រ្តីនគរបាលរូបណារងរបួសធ្ងន់នោះទេ ហើយនគរបាលក្រុងឡុងដ្រ៍ និយាយថា ការចាប់ខ្លួនមនុស្សនេះ គឺជាការចាប់ខ្លួនមនុស្សច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ ដោយកងកម្លាំងអង់គ្លេស នារយៈពេល ១០ឆ្នាំកន្លងមកនេះ ៕


