ប្រេសិតផ្នែកវិនិយោគរបស់រុស្ស៊ី លោក Kirill Dmitriev បាននិយាយកាលពីថ្ងៃសៅរ៍ (៩ សីហា) ថា ប្រទេសជាក់លាក់មួយចំនួននឹងបង្កើតនូវ "កិច្ចខិតខំប្រឹងប្រែងដ៏ធំទូលំទូលាយ" ដើម្បីរំខានដល់ជំនួបកំពូលដែលលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃសុក្រ ជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
លោក Trump ធ្លាប់និយាយនៅមុននោះថា រុស្ស៊ី និងអ៊ុយក្រែន ខិតជិតដល់កិច្ចព្រមព្រៀងឈប់បាញ់មួយដែលអាចដោះស្រាយជម្លោះរយៈពេល ៣ឆ្នាំកន្លះនេះហើយ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលអាចកើតមាននោះមិនទាន់ត្រូវប្រកាសនៅឡើយទេ ប៉ុន្តែប្រហែលជាអាចតម្រូវឱ្យអ៊ុយក្រែនប្រគល់ទឹកដីដ៏ធំ ជាលទ្ធផលដែលប្រជាជាតិអឺរ៉ុបជាច្រើនបានជំទាស់ រួមទាំងអ៊ុយក្រែនផ្ទាល់ផងដែរ។ លោក Dmitriev បានចោទប្រទេសដែលមិនបញ្ចេញឈ្មោះមួយចំនួនថាកំពុងស្វះស្វែងអូសបន្លាយសង្គ្រាមដោយសារតែភាពរឹងរូសរបស់ពួកគេ។

ក្នុងសារបង្ហោះលើគណនីតេលេក្រាមរបស់ខ្លួន លោក Dmitriev បានលើកឡើងថា "ពុំមានអ្វីគួរឱ្យឆ្ងល់នោះទេ ប្រទេសមួយចំនួនដែលចាប់អារម្មណ៍លើការបន្តជម្លោះ នឹងបង្កើតកិច្ចខិតខំដ៏ធំដើម្បីរំខានដល់ជំនួបដែលបានគ្រោងទុករវាងលោកប្រធានាធិបតី Putin និងប្រធានាធិបតី Trump"។ លោកបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងដ៏ធំនោះ លោកចង់មានន័យថា "ការបង្កហេតុ និងព័ត៌មានមិនពិត"។
ប្រសិតរុស្ស៊ីរូបនេះមិនបញ្ជាក់ឡើយថាប្រទេសណាខ្លះដែលលោកកំពុងសំដៅដល់ ឬក៏ប្រភេទនៃការបង្កហេតុបែបណាដែលពួកគេអាចនឹងធ្វើឡើងនោះទេ។ វិមានក្រឹមឡាំងក៏បានបញ្ជាក់ពីកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក នេះដែរ។ ជំនួយការរបស់លោក Putin គឺលោក Yuri Ushakov បាននិយាយថា មេដឹកនាំទាំងពីរនឹងផ្តោតលើកិច្ចពិភាក្សាអំពីជម្រើសសម្រាប់ការសម្រេចបាននូវដំណោះស្រាយសន្តិភាពរយៈពេលវែងចំពោះវិបត្តិអ៊ុយក្រែន៕

