បន្ទាប់ពីខែកក្កដាដែលមានសីតុណ្ហភាពទាបជាងធម្មតានៅក្នុងប្រទេសអឺរ៉ុបជាច្រើន អេស្ប៉ាញបានចាប់ផ្តើមខែសីហាជាមួយនឹងរលកកម្ដៅដ៏ក្តៅគគុក ហើយទីភ្នាក់ងារឧតុនិយមរដ្ឋ (Aemet) បានព្រមានថា កម្ដៅដ៏កំណាចបែបនោះនឹងបន្តរហូតដល់យ៉ាងហោចណាស់ថ្ងៃពុធ ទី១៣ ខែសីហា ខាងមុខ។

ថ្ងៃព្រហស្បតិ៍ (៧ សីហា) ការជូនដំណឹងអាសន្នស្ដីពីកម្ដៅបានដាក់ឱ្យអនុវត្តជាក់ស្តែងទូទាំងប្រទេស ហើយសីតុណ្ហភាពបានមើលឃើញដល់កម្រិត ៤៣អង្សាសេ នៅក្នុងតំបន់មួយចំនួន។ រលកកម្ដៅដ៏ធំទីពីរនៃរដូវក្តៅឆ្នាំនេះ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី៣ ខែសីហា ហើយការចង្អុលបង្ហាញទាំងអស់បានព្រមានថា អាកាសធាតុអាក្រក់បំផុតនៅមិនទាន់មកដល់នៅឡើយទេសម្រាប់អេស្ប៉ាញ។
ទីភ្នាក់ងារឧតុនិយមរដ្ឋព្រមានថា កម្ដៅខ្លាំងក្លានឹងបន្តលើសពីមួយសប្តាហ៍ ជាមួយនឹងសីតុណ្ហភាពដែលអាចលើសពី ៤៣អង្សាសេ និងអប្បបរមាលើសពី ២៥អង្សាសេ នៅក្នុងតំបន់ជាច្រើននៃប្រទេស។ ទីភ្នាក់ងាររដ្ឋមួយនេះសង្កត់ធ្ងន់ថា លំនាំអាកាសធាតុបច្ចុប្បន្ន ដែលស្ថិតនៅក្នុង និងគ្របដណ្តប់ដោយម៉ាស់ខ្យល់ក្តៅស្ងួតពីទ្វីបអាហ្រ្វិក កំពុងជំរុញឱ្យមានការកើនឡើងជាលំដាប់នៃសីតុណ្ហភាព។
នៅប្រជុំកោះកាណារី ដ៏ល្បីល្បាញរបស់អេស្ប៉ាញ ក៏នៅក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។ តាំងពីថ្ងៃអង្គារកន្លងទៅ សីតុណ្ហភាពបានដើរតាមនិន្នាការកើនឡើងយ៉ាងច្បាស់ ដោយកម្រិតអតិបរិមានៃចន្លោះពី ៣៨អង្សាសេ និង ៤០អង្សាសេ ត្រូវបានរំពឹងទុកថានៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃចន្ទ (១១ សីហា) សូម្បីតែនៅតំបន់ទំនាបនៃប្រជុំកោះក៏ដោយ៕

