សារព័ត៌មាន NBC News បានរាយការណ៍កាលថ្ងៃសៅរ៍ (៩ សីហា) ថា សេតវិមានកំពុងពិចារណាអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទៅកាន់រដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក ជាទីដែលលោកប្រធានាធិបតី Donald Trump គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
សេចក្ដីរាយការណ៍បានដកស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់របស់អាមេរិកមួយរូប និងប្រភព ៣នាក់ដែលដឹងពីការពិភាក្សាផ្ទៃក្នុង ដោយនិយាយថា "ការអញ្ជើញមេដឹកនាំអ៊ុយក្រែនកំពុងស្ថិតក្នុងការពិភាក្សា"។ របាយការណ៍សង្កត់ធ្ងន់ថា ពុំមានការសម្រេចចុងក្រោយលើដំណើរទស្សនកិច្ចរបស់លោក Zelenskiy នោះទេ ហើយគេក៏មិនច្បាស់ដែរថាតើមេដឹកនាំអ៊ុយក្រែនរូបនេះ នៅទីបំផុតនឹងទៅកាន់រដ្ឋអាឡាស្កា សម្រាប់កិច្ចប្រជុំឬយ៉ាងណាទេ ប៉ុន្តែលទ្ធភាពបែបនេះនៅតែមាន។
មន្ត្រីសេតវិមានមួយរូបបានបញ្ជាក់កាលពីថ្ងៃសៅរ៍ដដែលនោះថា លោកប្រធានាធិបតី Trump បើកចំហចំពោះជំនួបកំពូលត្រីភាគីនៅរដ្ឋអាឡាស្កា ជាមួយសមភាគីរុស្ស៊ី លោក Putin និងលោក Zelenskiy របស់អ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថា សេតវិមានបច្ចុប្បន្នកំពុងរៀបចំផែនការជំនួបទ្វេភាគីតែជាមួយលោក Putin ប៉ុណ្ណោះ តាមសំណើរបស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ៕