អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប បានដាក់សំណើប្រឆាំងតបមួយទៅនឹងលក្ខខណ្ឌរបស់រុស្ស៊ី ដែលស្នើឱ្យអ៊ុយក្រែន បោះបង់ទឹកដីមួយចំនួន ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្ដេជ្ញាកាលពីថ្ងៃសៅរ៍ (៩ សីហា) ថា អ៊ុយក្រែន “នឹងមិនប្រគល់ទឹកដីឱ្យពួកកាន់កាប់នោះទេ” បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ហាក់បង្ហើបថា កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន អាចរួមបញ្ចូល "ការផ្លាស់ប្តូរទឹកដីមួយចំនួន"។
សេចក្ដីរាយការណ៍បានបង្ហាញថា សំណើបទឈប់បាញ់របស់រុស្ស៊ី បានស្នើដោះដូរទឹកដីអ៊ុយក្រែននៃទីក្រុង Donetsk និង Luhansk សម្រាប់បទឈប់បាញ់ពេញលេញ។ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសោរ៍ដដែលនោះ ដោយសម្អាងដល់មន្ត្រីអឺរ៉ុបពីររូបដែលដឹងបញ្ហានេះថា មន្ត្រីអ៊ុយក្រែន និងអឺរ៉ុប បានឆ្លើយតបនឹងសំណើបទឈប់បាញ់របស់រុស្ស៊ី ជាមួយនឹងសំណើប្រឆាំងតបមួយ។

សំណើតបនោះបានដាក់ជូនអនុប្រធានាធិបតីអាមេរិក លោក JD Vance រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បេសកជនអ៊ុយក្រែនរបស់អាមេរិក លោក Keith Kellogg និងលោក Steve Witkoff ហើយបានបញ្ជាក់ជាថ្មីថា អ៊ុយក្រែន និងអឺរ៉ុប គួរតែចូលរួមក្នុងការចរចាណាមួយដែលធ្វើឡើងជាមួយរុស្ស៊ី ដោយទន្ទឹមនឹងនោះក៏ទាមទារឱ្យមានបទឈប់បាញ់ត្រូវបានអនុវត្តជាមុនសិន មុននឹងមានជំហានណាមួយបន្ថែមទៀត។
ប្រភពបានឱ្យដឹងថា សំណើប្រឆាំងតបនេះត្រូវបានដាក់ក្នុងកិច្ចប្រជុំមួយជាមួយក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក នៅចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍។ នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្ដាញតេលេក្រាម លោក Zelenskyy បាននិយាយថា បូរណភាពទឹកដីរបស់អ៊ុយក្រែនដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនអាចចរចាបានជាដាច់ខាត ហើយសង្កត់ធ្ងន់ថា សន្តិភាពយូរអង្វែងត្រូវតែរួមបញ្ចូលសំឡេងរបស់អ៊ុយក្រែននៅក្នុងតុពិភាក្សា៕

