ប្រទេសបារាំង អេស្ប៉ាញ ក្រិក និងទួរគី សុទ្ធតែកំពុងប្រយុទ្ធតតាំងនឹងចំហេះព្រៃដ៏កំណាចនៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង ខណៈរលកកម្តៅដ៏ខ្លាំងក្លាថ្មីមួយបានគ្របដណ្ដប់តំបន់នេះ ដោយនាំមកនូវសីតុណ្ហភាពខ្ពស់បំផុតកម្រិតបំបែកកំណត់ត្រាលើសពី ៤២អង្សាសេ កាលពីថ្ងៃសៅរ៍ (៩ សីហា)។
នៅបារាំង ក្រុមពន្លត់អគ្គិភ័យប្រហែលជិត ២ពាន់នាក់ ត្រូវដាក់ពង្រាយកាលពីថ្ងៃសៅរ៍ នៅតំបន់ Aude ភាគខាងត្បូង ដើម្បីទប់ស្កាត់ចំហេះដ៏ធំបំផុតរបស់ប្រទេសនេះក្នុងពេលជាច្រើនទស្សវត្សរ៍ កុំឱ្យឆាបឆេះជាថ្មី ខណៈអ្នកស្រុកទាំងអស់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។

អ្នកពន្លត់អគ្គិភ័យក៏បន្តប្រយុទ្ធនឹងអណ្ដាតភ្លើយយ៉ាងសន្ធោសន្ធៅនៅក្នុងខេត្ត Avila ភាគកណ្តាលប៉ែកខាងលិចរបស់អេស្ប៉ាញ កាលពីថ្ងៃសៅរ៍ដូចគ្នានេះ។ ជាមួយនឹងសីតុណ្ហភាពឡើងដល់ជិត ៣៩អង្សាសេ នៅតំបន់មួយចំនួនរបស់អេស្ប៉ាញ និងព័រទុយហ្គាល់ ហានិភ័យនៃចំហេះបន្ថែមទៀតគឺមានខ្ពស់ខ្លាំងណាស់។
នៅក្រិក ចំហេះព្រៃដ៏ធំដែលផ្ទុះឡើងកាលពីរសៀលថ្ងៃសុក្រនៅតំបន់ Keratea ចម្ងាយប្រហែល ៤០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងអាតែន បានបន្តឆាបឆេះពាសពេញភាគខាងកើត និងភាគខាងត្បូង Attica ពេញមួយយប់ ដោយបង្កការខូចខាតធ្ងន់ធ្ងរដល់ផ្ទះសម្បែង និងឆក់យកជីវិតមនុស្សម្នាក់។ ចំណែកនៅទួរគីវិញ យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើរបស់ប្រទេសនេះបាននិយាយថា ចំហេះនៅតំបន់កណ្តាល Canakkale និងតំបន់ Bayramic នៅភាគខាងលិចប្រទេសទួរគី ត្រូវបានគ្រប់គ្រងយ៉ាងទូលំទូលាយ។
អឺរ៉ុបខាងត្បូងបានមើលឃើញចំហេះធំៗជាច្រើនក្នុងរដូវក្តៅនេះ ក្នុងអ្វីដែលអ្នកវិទ្យាសាស្ត្រព្រមានថា មកពីបម្រែបម្រួលអាកាសធាតុ ដែលកំពុងធ្វើឱ្យភាពញឹកញាប់ និងខ្លាំងក្លានៃកម្ដៅ និងភាពស្ងួតកាន់តែធ្ងន់ធ្ងរឡើង បណ្ដាលឱ្យតំបន់នេះកាន់តែងាយរងគ្រោះដោយចំហេះព្រៃ៕
