មនុស្សម្នារាប់ពាន់នាក់បានសម្រុកដើរដង្ហែក្បួនតវ៉ានៅក្នុងទីក្រុងកោះ ស៊ីស៊ីលី (Sicily) ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការសាងសង់ស្ពានដែលនឹងតភ្ជាប់ដីគោករបស់អ៊ីតាលី ទៅកាន់កោះមេឌីទែរ៉ាណេមួយនេះ ហើយនឹងក្លាយជាស្ពានមានប្រវែងវែងបំផុតនៅក្នុងពិភពលោក។
បាតុករប្រហែល ១ម៉ឺននាក់បានដើរដង្ហែរនៅទីក្រុង Messina នៃកោះស៊ីស៊ីលី កាលពីថ្ងៃសៅរ៍ (៩ សីហា) ដើម្បីសម្ដែងការប្រឆាំងរបស់ពួកគេ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១៣,៥ពាន់លានអឺរ៉ូ (១៥,៧ ពាន់លានដុល្លារ) មួយនេះ។ អ្នកស្រុកទាំងនោះជំទាស់នឹងគម្រោងស្ពានដែលស្នើឡើងឈ្មោះថាស្ពានច្រកសមុទ្រ Messina នេះ ដោយសារទំហំដ៏ធំរបស់ស្ពានបង្កការគំរាមកំហែងរញ្ជួយដី ឥទ្ធិពលលើបរិស្ថាន និងលទ្ធភាពនៃការជ្រៀតជ្រែកពីក្រុមជនអន្ធពាលម៉ាហ្វ្យា។

ក្រុមអ្នកតវ៉ាស្រែកថា "គម្រោងស្ពានច្រកសមុទ្រ Messina មិនអាចប៉ះបានទេ" ហើយមនុស្សជាច្រើនបានកាន់បដាសរសេរថា "ហាមសាងសង់ស្ពាន"។ គំនិតក្នុងការសាងសង់ស្ពាននេះត្រូវជជែកវែកញែកជាច្រើនទសវត្សរ៍មកហើយ។ យ៉ាងណាមិញនៅសប្តាហ៍នេះ គេបានមើលឃើញជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ នៅពេលគណៈកម្មាធិការរដ្ឋាភិបាលដែលត្រួតពិនិត្យការវិនិយោគសាធារណៈជាយុទ្ធសាស្រ្ត បានអនុម័តផែនការនេះ។ រដ្ឋមន្ត្រីដឹកជញ្ជូន លោក Matteo Salvini បានហៅស្ពាននេះថាជា "គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតនៅលោកខាងលិច"។
អ្នករិះគន់មិនជឿថាគម្រោងនេះល្អនោះទេ ហើយមានការខឹងសម្បារដោយសារពលរដ្ឋប្រហែល ៥០០គ្រួសារ នឹងត្រូវរងផលប៉ះពាល់ប្រសិនបើស្ពានត្រូវសាងសង់។ លោក Salvini និយាយថា ក្រុមគ្រួសារដែលរងផលប៉ះពាល់បែបនេះនឹងត្រូវបានផ្តល់សំណងយ៉ាងសមរម្យ៕

