នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា ផែនការរបស់លោកក្នុងការដណ្តើមគ្រប់គ្រងទីក្រុងហ្កហ្សា និងផ្នែកសេសសល់ផ្សេងទៀតនៃតំបន់ ហ្កាហ្សាដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល នឹងពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅប្រជាជន និងការកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip) ទាំងមូល។

ការអត្ថាធិប្បាយរបស់លោកនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សេរុយសាឡឹមកើតឡើង ទោះមានប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់តវ៉ាចំពោះផែនការនេះដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃសុក្រក៏ដោយ។ផែនការនេះ នឹងតម្រូវឱ្យហៅទាហានបម្រុងមួយចំនួនធំ ដែលភាគច្រើននៃពួកគេធ្លាប់បានចូលរួមរួចហើយនៅក្នុងសង្គ្រាម។
ក្រុមគ្រួសារនៃចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅដែនដីហ្កាហ្សាក៏កំពុងរិះគន់ទង្វើនេះផងដែរ ដោយទាមទារឱ្យរដ្ឋាភិបាលរបស់លោក Netanyahu ធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំង ៥០ នាក់ឬច្រើនជាងនេះ ដែលនៅតែជាប់ឃុំដោយក្រុមសកម្មប្រយុទ្ធ ហើយប្រហែល២០នាក់ ត្រូវបានគេជឿថានៅមានជីវិត។
ទោះយ៉ាងណាក៏ដោយ លោក Netanyahu នៅតែប្ដេជ្ញាបន្តផែនការនេះដដែល។
លោកបាននិយាយនៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងចាប់តាំងពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានអនុម័តផែនការនេះថា ផ្ទុយទៅនឹងការអះអាងមិនពិត នេះជាវិធីល្អបំផុតដើម្បីបញ្ចប់សង្រ្គាម និងជាវិធីល្អបំផុតដើម្បីបញ្ចប់សង្គ្រាមនេះឱ្យបានលឿន៕

