យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានកំណត់គោលដៅ និងសម្លាប់មេបណ្ដាញម្នាក់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលក្លែងខ្លួនជាអ្នកកាសែតរបស់សារព័ត៌មាន Al Jazeera ដ៏ល្បីរបស់កាតា នៅក្នុងការវាយប្រហារមួយលើទីក្រុងហ្កាហ្សា កាលពីថ្ងៃអាទិត្យ (១០ សីហា) ប៉ុន្តែក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្សនិយាយថា អ្នកកាសែតឈ្មោះ Anas Al Sharif រូបនោះត្រូវកំណត់គោលដៅដោយសារលោករាយការណ៍នៅជួរមុខអំពីសង្គ្រាមហ្កាហ្សា ហើយការអះអាងរបស់អ៊ីស្រាអែលនេះខ្វះភស្តុតាងគ្រប់គ្រាន់។

មន្ត្រីហ្កាហ្សា និងកាសែត Al Jazeera បាននិយាយថា លោក Anas Al Sharif វ័យ ២៨ឆ្នាំ ស្ថិតក្នុងចំណោមក្រុមអ្នកកាសែត Al Jazeera សរុប ៤នាក់ និងជំនួយការម្នាក់ ដែលបានស្លាប់ក្នុងការវាយប្រហារលើតង់ក្បែរមន្ទីរពេទ្យ Shifa ក្នុងទីក្រុងហ្កាហ្សា ភាគខាងកើត។ មន្ត្រីពេទ្យនិយាយថា មនុស្សមួយចំនួនទៀតក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះដែរ។
យោធាអ៊ីស្រាអែល បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Al Sharif ជាប្រធានបណ្ដាញម្នាក់របស់ក្រុមហាម៉ាស ហើយ "ទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់រ៉ូកែតប្រឆាំងជនស៊ីវិល និងកងទ័ពអ៊ីស្រាអែល" ដោយលើកឡើងពីចារកម្ម និងឯកសារដែលរកឃើញនៅហ្កាហ្សា ជាភស្តុតាង។
ក្រុមអ្នកកាសែត និងសារព័ត៌មាន Al Jazeera បានថ្កោលទោសការសម្លាប់នេះ។ ក្រុមសេរីភាពសារព័ត៌មាន និងអ្នកជំនាញអង្គការសហប្រជាជាតិ ពីមុនធ្លាប់ព្រមានថា ជីវិតរបស់លោក Al Sharif ស្ថិតក្នុងគ្រោះថ្នាក់ ដោយសារលោករាយការណ៍ពីស្ថានភាពសមរភូមិហ្កាហ្សា។ Al Jazeera និយាយថា លោក Al Sharif បានបន្សល់ទុកសារចុងក្រោយក្នុងបណ្ដាញសង្គមដែលត្រូវបង្ហោះក្នុងករណីដែលលោកស្លាប់ ហើយសារនោះសរសេរថា៖ "ខ្ញុំមិនដែលស្ទាក់ស្ទើរក្នុងការបង្ហាញការពិតដោយគ្មានការបំភ្លៃ ឬបំភាន់នោះទេ ដោយសង្ឃឹមថា ព្រះជាម្ចាស់នឹងធ្វើជាសាក្សីចំពោះអ្នកដែលឈរព្រងើយយ៉ាងស្ងៀមស្ងាត់"។
ប៉ុន្មាននាទីមុនពេលស្លាប់ លោក Al Sharif បានបង្ហោះលើវេទិកាសង្គម X ថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើក្រុងហ្កាហ្សា អស់ជាងពីរម៉ោងមកហើយនៅពេលនោះ៕

