ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទទួលបានការគាំទ្រផ្នែកការទូតពីសហភាពអឺរ៉ុប និងសម្ព័ន្ធយោធាណាតូកាលពីថ្ងៃអាទិត្យ ទី១០ សីហា នៅមុនជំនួបកំពូលរវាងរុស្ស៊ី-អាមេរិក ក្នុងសប្តាហ៍នេះ ដែលទីក្រុងគីវ បារម្ភថាលោកប្រធានាធិបតី Vladimir Putin និងលោកប្រធានាធិបតី Donald Trump អាចព្យាយាមកំណត់លក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំកន្លះមកនេះ។

លោក Trump ដែលជាច្រើនសប្តាហ៍មកនេះបានគំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីសម្រាប់ការមិនបញ្ឈប់សង្រ្គាម បានប្រកាសជំនួសវិញកាលពីថ្ងៃសុក្រថា លោកនឹងជួបជាមួយលោកPutin នៅថ្ងៃទី១៥ ខែសីហា នៅរដ្ឋអាឡាស្កា។ មន្ត្រីសេតវិមាន បាននិយាយថា លោក Trump ក៏បើកចំហចំពោះ លោក Zelenskiy ឲ្យចូលរួម ប៉ុន្តែការរៀបចំកំពុងដំណើរការសម្រាប់តែជំនួបទ្វេភាគីប៉ុណ្ណោះ។ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់រុស្ស៊ី បានធ្វើឲ្យរងរបួសមនុស្សយ៉ាងហោចណាស់១២នាក់នៅក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែន។ លោក Zelenskiy ដោយឆ្លើយតបទៅនឹងការវាយប្រហារនេះបាននិយាយថា «នោះហើយជាមូលហេតុដែលការដាក់ទណ្ឌកម្ម និងសម្ពាធ គឺត្រូវការជាចាំបាច់»។ មេដឹកនាំវិមានក្រឹមឡាំងកាលពីសប្តាហ៍មុន បានច្រានចោលការជួបជាមួយលោក Zelenskiy ដោយនិយាយថាលក្ខខណ្ឌនានាសម្រាប់ការជួបបែបនេះគឺ «នៅតែវែងឆ្ងាយ»ពីការជួបគ្នា។ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយនឹងពាក់ព័ន្ធជាមួយ «ការដោះដូរទឹកដីមួយចំនួនដើម្បីភាពប្រសើរសម្រាប់ភាគីទាំងពីរ» ដោយធ្វើឱ្យអ៊ុយក្រែនព្រួយបារម្ភថា ខ្លួនអាចប្រឈមនឹងសម្ពាធក្នុងការប្រគល់ទឹកដី។ លោក Zelenskiy និយាយថាការសម្រេចចិត្តណាមួយដែលធ្វើឡើងគ្មានអ៊ុយក្រែននឹង«នៅតែមិនកើតឡើង» និងមិនអាចដំណើរការបានឡើយ។ មេដឹកនាំប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ ហ្វាំងឡង់ និងគណៈកម្មការអឺរ៉ុប បាននិយាយថា ដំណោះស្រាយផ្នែកការទូតណាមួយត្រូវតែការពារផលប្រយោជន៍សន្តិសុខរបស់អ៊ុយក្រែន និងអឺរ៉ុប។
