យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (១០ សីហា) ថា ខ្លួនបានវាយដណ្តើមយកភូមិមួយក្នុងតំបន់ Sumy មកវិញពីកងទ័ពរុស្ស៊ី ដែលកំពុងមានប្រៀបគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ។ នៅក្នុងការបង្ហោះលើបណ្ដាញតេលេក្រាម យោធាអ៊ុយក្រែន បានអះអាងថា កងទ័ពទីក្រុងគីវបាន "រំដោះ និងបោសសម្អាត" កងកម្លាំងរុស្ស៊ី ទាំងស្រុងពីភូមិឈ្មោះ Bezsalivka។

ភូមិនេះស្ថិតនៅតំបន់ជួរមុខនៅភាគខាងជើងរបស់អ៊ុយក្រែន និងចម្ងាយប្រហែល ២០គីឡូម៉ែត្រភាគខាងលិច នៃការប្រយុទ្ធគ្នាដ៏សំខាន់រវាងកងទ័ពទាំងពីរនៅក្នុងតំបន់ភាគខាងជើង។ រស្ស៊ី ដែលបានចាប់ផ្ដើមប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានបើកការវាយលុកជាថ្មីនៅក្នុងតំបន់ Sumy ក្នុងខែមេសា បន្ទាប់ពីដណ្តើមយកតំបន់ Kursk របស់ខ្លួនមកវិញពីកងកម្លាំងអ៊ុយក្រែន។
កងទ័ពរុស្ស៊ីបច្ចុប្បន្ន ស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីរដ្ឋធានីរបស់តំបន់ Sumy ដែលជាគោលដៅនៃការវាយប្រហារដោយគ្រាប់ផ្លោងជាញឹកញាប់។ ការផ្តោតសំខាន់នៃការវាយលុករបស់រុស្ស៊ី គឺនៅលើភាគខាងកើតអ៊ុយក្រែន ជាទីដែលខ្លួនបានបង្កើនការវាយរុលជាបន្តបន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះប្រឆាំងនឹងកងកម្លាំងទីក្រុងគីវ ដែលមិនសូវមានគ្រឿងយុទ្ធោបករណ៍ទំនើបដូចខ្លួន៕

