ប្រទេសបង់ក្លាដែស កំពុងជួបប្រទះនឹងការកើនឡើងនៃករណីជំងឺគ្រុនឈាម និងការស្លាប់យ៉ាងច្រើន ខណៈអ្នកជំនាញសុខភាពបានព្រមានថា ខែសីហានេះអាចនាំមកនូវការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរថែមទៀតនៃជំងឺដែលបណ្តាលមកពីមូសខ្លាខាំមួយនេះ ប្រសិនបើពុំមានវិធានការជាបន្ទាន់ទេនោះ។

ទិន្នន័យផ្លូវការបង្ហាញថា ជំងឺគ្រុនឈាមបានសម្លាប់មនុស្សចំនួន ១០១នាក់ និងករណីឆ្លង ២៤.១៨៣នាក់នៅឆ្នាំ២០២៥នេះ ដោយបង្កើនភាពតានតឹងយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធថែទាំសុខភាពដែលទ្រុឌទ្រោមរួចទៅហើយរបស់ប្រទេសនេះ។
កំណើនយ៉ាងខ្លាំងនៃអ្នកស្លាប់ កើតឡើងអមជាមួយនឹងការកើនឡើងនៃករណីឆ្លង។ ទិន្នន័យបង្ហាញថា មនុស្សយ៉ាងតិច ១៩នាក់ បានស្លាប់ដោយសារជំងឺគ្រុនឈាមរហូតមកដល់ពេលនេះក្នុងខែសីហា បន្ទាប់ពីអ្នកស្លាប់ចំនួន ៤១នាក់ ក្នុងខែកក្កដា - ច្រើនជាងពីរដងនៃអ្នកស្លាប់ ១៩នាក់ នៅខែមិថុនា។
មន្ត្រីសុខាភិបាលជំរុញឱ្យប្រជាពលរដ្ឋប្រើថ្នាំបាញ់មូស សម្រាន្តក្នុងមុង និងលុបបំបាត់ថ្លុកទឹកដែលមានមូសបង្កាត់ពូជ។ ក្រុមអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ រួមជាមួយនឹងអាកាសធាតុក្តៅសើម និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបង្កើតលក្ខខណ្ឌបង្កាត់ពូជដ៏ល្អសម្រាប់មូសខ្លាញីប្រភេទ Aedes ដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម៕


