រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានស្ដីបន្ទោសបណ្ដាមេដឹកនាំសហភាពអឺរ៉ុប និងគោលនយោបាយមើលឃើញត្រឹមរយៈពេលខ្លីរបស់ពួកគេ ខណៈទ្វីបនេះរងការប៉ះពាល់ដោយសារតែវិបត្តិថាមពលដែលមានតម្លៃខ្ពស់ និងការគំរាមកំហែងដែលកំពុងកើនឡើងដែលនឹងអាចបង្កឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះទៀត។

កង្វះការផ្គត់ផ្គង់ឧស្ម័នសកលបានជំរុញឲ្យការចំណាយលើការទិញថាមពល កើនឡើងដល់កម្រិតខ្ពស់បំផុតជាងកាលពីខែកន្លងទៅ។ សហភាពអឺរ៉ុបបានទទួលការនាំចូលឧស្ម័នធម្មជាតិរបស់ខ្លួនប្រមាណ ៣០% ពីរុស្ស៊ី ហើយបណ្ដាមេដឹកនាំប្លុកនេះបានចោទប្រកាន់ក្រុមហ៊ុនផលិតឧស្ម័ន Gazprom ដែលជាក្រុមហ៊ុនថាមពលពហុជាតិគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីថា បានគ្រប់គ្រងតម្លៃថាមពលដោយកំណត់តម្លៃនៃការផ្គត់ផ្គង់តាមតែមាត់។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak កាលពីថ្ងៃសៅរ៍បានវាយបកវិញដោយនិយាយថា សហភាពអឺរ៉ុបគួរតែស្ដីបន្ទោសខ្លួនឯង។ លោក Novak បានចោទប្រកាន់ពីគោលនយោបាយមើលឃើញត្រឹមរយៈពេលខ្លីរបស់សហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុបដែលបានដើរចេញពីកិច្ចសន្យារយៈពេលវែងចំពោះវិបត្តិនេះ៕
អត្ថបទ៖ សុខមាន