រដ្ឋមន្ត្រីប្រចាំរដ្ឋ Uttarakhand របស់ប្រទេសឥណ្ឌា លោក Pushkar Singh Dhami បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែសីហាថា មនុស្សជាង១.២០០នាក់ រួមមានអ្នកភូមិ និងអ្នកធ្វើធម្មយាត្រា ត្រូវបានជួយសង្គ្រោះពីទឹកជំនន់ដ៏គំហុក ដែលបានវាយលុកចូលភូមិ Dharali របស់ប្រទេសឥណ្ឌា។

«ក្រុមជួយសង្គ្រោះ បានសម្របសម្រួលយ៉ាងល្អនៅក្នុងប្រតិបត្តិការជួយសង្គ្រោះដែលកំពុងដំណើរការ។ ពួកគេកំពុងព្យាយាមធានាបានថាមនុស្សគ្រប់គ្នាត្រូវបានជួយសង្គ្រោះ ហើយរាល់ជំនួយដែលអាចធ្វើទៅបានត្រូវបានផ្តល់ឲ្យ។ ដោយគិតដល់ចំណុចនេះ មនុស្សជាង១.២០០នាក់ត្រូវបានជួយសង្គ្រោះដោយអង្គភាពសេវាកម្មឧទ្ធម្ភាគចក្រ សេវាប្រតិបត្តិការជួយសង្គ្រោះ ដែលកំពុងនៅដំណើរការនៅឡើយ។

ទឹកជំនន់ដ៏គំហុក បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារនៅភូមិ Dharali និងភូមិ Harsil នៃរដ្ឋ Uttarakhand ។ កងទ័ពឥណ្ឌា និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បានបង្កើនប្រតិបត្តិការជួយសង្គ្រោះនៅព្រឹកនេះ ខណៈការស្វែងរកអ្នកភូមិ និងបុគ្គលិកកងទ័ពដែលបាត់ខ្លួន នៅតែបន្ត។
លោក Dhami បាននិយាយបន្តថា សម្ភារៈសង្គ្រោះរួមមានសម្លៀកបំពាក់ និងសម្ភារចាំបាច់ផ្សេងទៀតកំពុងត្រូវបានផ្តល់ឲ្យក្រុមគ្រួសារដែលរងគ្រោះ។ Dharali ជាភូមិតូចមួយមានប្រជាជនប្រហែល២០០ នាក់ដែលមានកម្ពស់ជាង១.១៥០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ គឺជាទីឈប់ចតសម្រាប់អ្នកធ្វើធម្មយាត្រាហិណ្ឌូដែលឡើងទៅកាន់ប្រាសាទ ក្រុងGangotri។ រដ្ឋ Uttarakhand ងាយនឹងមានគ្រោះទឹកជំនន់ និងបំណាក់ដី ដែលអ្នកជំនាញមួយចំនួនបានដាក់កំហុសលើបម្រែបម្រួលអាកាសធាតុ។