ជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់សិបនាក់ រួមមានស្ត្រី កុមារ និងមនុស្សចាស់ បានមកប្រមូលផ្តុំគ្នានៅព្រំដែន Chaman ក្នុងទីក្រុង Balochistan ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ខណៈពួកគេរង់ចាំឆ្លងចូលទៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងពេលមានការបង្ក្រាបលើជនភៀសខ្លួនមានឯកសារ។ ប្រទេសប៉ាគីស្ថាន បានផ្តល់ពេលវេលាកំណត់នៅត្រឹមថ្ងៃទី១ ខែកញ្ញាសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថានមានឯកសារទាំងអស់ឱ្យចាកចេញ។ យោងតាមអង្គការ UNHCR បានឲ្យដឹងថា ការនិរទេសពួកគេបានចាប់ផ្តើមរួចហើយនៅមុនពេលកំណត់។

ជនភៀសខ្លួនរួមជាមួយកាបូបឥវ៉ាន់របស់ពួកគេ ត្រូវបានគេមើលឃើញកំពុងរង់ចាំនៅខាងក្រៅការិយាល័យចុះឈ្មោះនៅព្រំដែនកាលពីថ្ងៃអាទិត្យដោយអ្នកមួយចំនួននិយាយថាពួកគេ «សុខចិត្ត» វិលត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ហើយ «រីករាយនឹងត្រឡប់ទៅវិញ»។ លោក Laal Muhammad ដែលធ្វើដំណើរជាមួយកូនៗ៩នាក់ដែលកើតនៅក្នុងប្រទេសប៉ាគីស្ថាន បាននិយាយថាគ្រួសាររបស់គាត់នឹងទៅទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថានវិញដោយស្ម័គ្រចិត្តបន្ទាប់ពីទទួលបានផ្ទះជួលនៅទីនោះ។

ផែនការនិរទេសរបស់ប៉ាគីស្ថាន បានធ្វើឲ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស។ ប្រជាជនអាហ្វហ្គានីស្ថានជាង២,១លាននាក់ដែលបានរត់ភៀសខ្លួន បានវិលត្រឡប់ទៅវិញនៅឆ្នាំនេះ។
អាជ្ញាធរប៉ាគីស្ថានបាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ ចង់ឱ្យពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ចាកចេញ លើកលែងតែអ្នកដែលមានទិដ្ឋាការនៅមានសុពលភាព។ ការនិរទេសធ្វើឡើងដោយប្រទេសប៉ាគីស្ថាន គឺជាផ្នែកមួយនៃយុទ្ធនាការដែលហៅថាផែនការនិរទេសជនបរទេសខុសច្បាប់ដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០២៣។ បន្ថែមលើការនិរទេសពីប្រទេសប៉ាគីស្ថាន ប្រទេសអាហ្វហ្គានីស្ថានក៏ប្រឈមនឹងរលកថ្មីនៃការនិរទេសពីប្រទេសអ៊ីរ៉ង់ ផងដែរ។ ក្រុមផ្តល់ជំនួយបារម្ភថា លំហូរចូលជនភៀសខ្លួននឹងបង្កហានិភ័យបន្ថែមទៀតដែលនឹងធ្វើឱ្យប្រទេសមានអស្ថិរភាព។