មន្ត្រីសុខាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា កង្វះអាហារូបត្ថម្ភ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦៣នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ នៅក្នុងទីក្រុង El-Fasher ដែលត្រូវបានឡោមព័ទ្ធរបស់ប្រទេសស៊ូដង់។

មន្ត្រីរូបនេះ បាននិយាយថា តួលេខនេះ រាប់បញ្ចូលតែអ្នកដែលបានទៅដល់មន្ទីរពេទ្យប៉ុណ្ណោះ ដោយបន្ថែមថា គ្រួសារជាច្រើន បានបញ្ចុះសពរបស់ពួកគេ ដោយមិនបានស្វែងរកជំនួយពីគ្រូពេទ្យ ដោយសារតែស្ថានភាពសន្តិសុខមិនល្អ និងកង្វះមធ្យោបាយធ្វើដំណើរ។

ចាប់តាំងពីខែឧសភា ឆ្នាំមុន ទីក្រុង El-Fasher បានស្ថិតនៅក្រោមការឡោមព័ទ្ធ ដោយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ដែលបានធ្វើសង្រ្គាមជាមួយកងទ័ពធម្មតារបស់ប្រទេសស៊ូដង់ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣។
ទីក្រុងនេះ នៅតែជាមជ្ឈមណ្ឌលទីក្រុង Darfur ដ៏សំខាន់ចុងក្រោយ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ព ហើយថ្មីៗនេះ បានស្ថិតនៅក្រោមការវាយប្រហារជាថ្មីដោយកងកម្លាំង RSF បន្ទាប់ពីក្រុមនេះ បានដកខ្លួនចេញពីរដ្ឋធានីខាទុំ (Khartoum) របស់ប្រទេសស៊ូដង់ កាលពីដើមឆ្នាំនេះ។