ក្រុមតាលីបង់ កំពុងស៊ើបអង្កេតលើការគំរាមកំហែងសម្លាប់យ៉ាងច្បាស់លាស់ប្រឆាំងនឹងស្ត្រីអាហ្វហ្គានីស្ថានរាប់សិបនាក់ ដែលធ្វើការឲ្យអង្គការសហប្រជាជាតិ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ខ្លួនអំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសនេះ បាននិយាយថា បុគ្គលិកជាតិជាស្ត្រីរាប់សិបនាក់ ត្រូវបានទទួលរងនូវការគំរាមកំហែងសម្លាប់យ៉ាងច្បាស់លាស់ នៅក្នុងខែឧសភា។

ការគំរាមកំហែងទាំងនេះ បានកើតចេញពីបុគ្គលដែលមិនស្គាល់អត្តសញ្ញាណទាក់ទងនឹងការងាររបស់ពួកគេ ជាមួយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន ឬ UNAMA ទីភ្នាក់ងារ មូលនិធិ និងកម្មវិធីផ្សេងទៀត «តម្រូវឲ្យUN អនុវត្តវិធានការបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ~។

របាយការណ៍ បានឲ្យដឹងថា ក្រុមតាលីបង់ បានប្រាប់បេសកកម្មរបស់អង្គការសហប្រជាជាតិថា បុគ្គលិករបស់ពួកគេ មិនទទួលខុសត្រូវចំពោះការគំរាមកំហែងនោះទេ។ របាយការណ៍ បានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ កំពុងដំណើរការ។
អាជ្ញាធរអាហ្វហ្គានីស្ថាន រួមទាំងក្រសួងមហាផ្ទៃ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីរបាយការណ៍ ឬការស៊ើបអង្កេតនោះទេ។