ប្រមុខការពារជាតិកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានព្រមានថា ទីក្រុងព្យុងយ៉ាង នឹងប្រើសិទ្ធិ «ស្វ័យការពារ»របស់ខ្លួន ក្នុងករណីមានការបង្កហេតុ ដោយបានរិះគន់សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលបានគ្រោងទុក រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក No Kwang-chol បានចេញការព្រមាន មួយសប្តាហ៍មុនពេលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងចាប់ផ្តើមសមយុទ្ធ Ulchi Freedom Shield (UFS) រដូវក្តៅប្រចាំឆ្នាំរបស់ពួកគេ ចាប់ពីថ្ងៃទី ១៨-២៨ ខែសីហា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិម កូរ៉េ(KCNA)។
រដ្ឋមន្ត្រីការពារជាតិ បាននិយាយថា យើងថ្កោលទោសយ៉ាងដាច់អហង្ការដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពោះទង្វើបង្កហេតុរបស់ពួកគេ ក្នុងការបង្ហាញយ៉ាងច្បាស់នូវជំហរនៃការប្រឈមមុខដាក់គ្នាខាងយោធាជាមួយកូរ៉េខាងជើង» ដោយចោទប្រកាន់សម្ព័ន្ធមិត្តថា បានធ្វើឲ្យខូចបរិយាកាសសន្តិសុខ នៅឧបទ្វីបកូរ៉េ និងការព្រមានអំពី «ផលវិបាកអវិជ្ជមាន»។

លោកបានព្រមានថា យោធាកូរ៉េខាងជើង «នឹងដោះស្រាយសមយុទ្ធយោធានេះ...ជាមួយនឹជំហរប្រឆាំងយ៉ាងហ្មត់ចត់ និងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើង ក្នុងកម្រិតនៃសិទ្ធិការពារខ្លួន ក្នុងករណីមានការបង្កហេតុណាមួយហួសពីបន្ទាត់ព្រំដែន»។