អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា ប្រទេសនីហ្សេរីយ៉ា នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនប្រឆាំងនឹងការទទួលយកអ្នកនិរទេសចេញពីសហរដ្ឋអាមេរិកឡើយ ដោយនិយាយថាប្រទេសនៅអាហ្វ្រិកដែលមានប្រជាជនច្រើនបំផុតមួយនេះ នឹងមិនទទួលយក «អ្នកនិរទេសបន្ថែមទៀតឡើយ» ជុំវិញបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសង្គមដែលមានស្រាប់រួចទៅហើយ។
និយាយនៅក្នុងបទសម្ភាសន៍ ដែលបានចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយ លោក Kimiebi Ebienfa អ្នកនាំពាក្យក្រសួងការបរទេសនីហ្សេរីយ៉ា បាននិយាយថា គ្មានសម្ពាធណាមួយពីទីក្រុងវ៉ាស៊ីនតោន អាចបញ្ចុះបញ្ចូលប្រទេសនីហ្សេរីយ៉ាឱ្យបោះបង់ការសម្រេចចិត្តរបស់ខ្លួនប្រឆាំងនឹងការទទួលយកជនបរទេសមួយចំនួនដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិកឡើយ ដែលអ្នកមួយចំនួនចេញមកពីពន្ធនាគារដោយផ្ទាល់។

លោកបាននិយាយថា «ទោះបីជាប្រទេសអាហ្រ្វិកផ្សេងទៀត កំពុងទទួលយកអ្នកនិរទេសពីសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រទេសនីហ្សេរីយ៉ានឹងមិនទទួលយកពួកគេឡើយ» លោកបាននិយាយបញ្ជាក់ជាថ្មីថាប្រទេសនេះមានបញ្ហាផ្ទាល់ខ្លួនដែល «យើងកំពុងតតាំងជាមួយ»។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Yusuf Tuggar បាននិយាយនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ដោយមានចំនួនប្រជាជនជាង២០០លាននាក់ ប្រទេសនីហ្សេរីយ៉ាពុំមានទីតាំងដើម្បីផ្តល់កន្លែងស្នាក់នៅដល់ជននិរទេសបរទេសឡើយ ជាពិសេសអ្នកទាំងឡាយដែលមានប្រវត្តិឧក្រិដ្ឋកម្ម។
លោក Tuggar និយាយថា គោលជំហរមិនងាករេរបស់ប្រទេសនីហ្សេរីយ៉ា បង្ហាញពីភាពស្មុគ្រស្មាញថ្មីក្នុងទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងប្រទេសនៅអាហ្រ្វិក។
