អង្គការឧតុនិយមពិភពលោក (WMO) បានព្រមានថា កម្ដៅក្ដៅខ្លាំងខុសពីធម្មតា កំពុងប៉ះពាល់ដល់មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក ដោយចំហេះព្រៃ និងគុណភាពខ្យល់មិនល្អ ធ្វើឲ្យបញ្ហានេះកាន់តែស្មុគស្មាញ ហើយអង្គការបានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធព្រមានជាមុន និងផែនការការពារសុខភាព ដែលបណ្ដាលមកពីកម្ដៅ។
កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក WMO បានចេញព្រឹត្តិបត្រមួយ ដោយបញ្ជាក់ថា ទិន្នន័យពីសមាជិករបស់ស្ថាប័ន បង្ហាញពីរលកកម្ដៅសកលក្ដៅកាន់តែខ្លាំងឡើងៗ និងសីតុណ្ហភាពឡើងខ្ពស់បំផុតនៅក្នុងតំបន់ជាច្រើន។

យោងតាមទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ Copernicus ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា ខែកក្កដា ឆ្នាំ២០២៥ គឺជាខែកក្កដាដ៏ក្តៅបំផុតលើកទី៣ នៅទូទាំងពិភពលោក (បន្ទាប់ពីខែកក្កដា ឆ្នាំ២០២៣ និងខែកក្កដា ឆ្នាំ២០២៤)។ សីតុណ្ហភាពជាមធ្យមលើផ្ទៃសមុទ្រ ក៏មានកម្រិតខ្ពស់លើកទី៣ ក្នុងកំណត់ត្រាផងដែរ។
ក្នុងខែកក្កដា នៅតំបន់អឺរ៉ុប ស្ថានភាពរលកកម្ដៅបានប៉ះពាល់ជាពិសេសប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលបានជួបប្រទះសីតុណ្ហភាពយូរខុសពីធម្មតាលើសពី ៣០អង្សាសេ។ ព្រឹត្តិបត្រនេះបានបញ្ជាក់ថា ក្នុងសប្តាហ៍កន្លងទៅ សីតុណ្ហភាពអតិបរមា បានឡើងលើសពី ៤២អង្សាសេ នៅតំបន់អាស៊ីខាងលិច អាស៊ីកណ្តាល អាហ្វ្រិកខាងជើង ប៉ាគីស្ថានភាគខាងត្បូង និងភាគនិរតីនៃសហរដ្ឋអាមេរិក ដោយតំបន់មួយចំនួនឡើងកម្ដៅលើសពី ៤៥អង្សាសេ។ សីតុណ្ហភាពខ្ពស់បំផុត នៅភាគនិរតីអ៊ីរ៉ង់ និងភាគខាងកើតអ៊ីរ៉ាក់ មានលើសពី ៥០អង្សាសេ។
ជាមួយគ្នានេះ WMO ក៏បានកត់សម្គាល់ផងដែរថា កម្ដៅហួតហែងបានបង្កឲ្យមានចំហេះព្រៃដ៏អាក្រក់ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ហើយគុណភាពខ្យល់កាន់តែអាក្រក់ទៅៗ។ WMO បានបញ្ជាក់ថា ស្ថាប័ន និងសមាជិក បានប្តេជ្ញាចិត្តក្នុងការពង្រឹងប្រព័ន្ធព្រមានអំពីកម្ដៅជាមុន និងកំពុងធ្វើការជាមួយដៃគូគ្រប់កម្រិត ដើម្បីជំរុញផែនការការពារសុខភាពដែលបណ្ដាលមកពីកម្ដៅ៕


