ចាប់តាំងពីខែមេសា ការដំឡើងពន្ធខ្ពស់ខ្លាំងរបស់សហរដ្ឋអាមេរិកលើយានយន្តដែលផលិតដោយសហភាពអឺរ៉ុប (EU) បានផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មរថយន្តរបស់អឺរ៉ុប ដែលបណ្តាលឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់អាល្លឺម៉ង់ និងជំរុញឲ្យក្រុមហ៊ុនស្វែងរកឱកាស នៅតំបន់អាស៊ី។
កិច្ចព្រមព្រៀងនាពេលថ្មីៗនេះ រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានទម្លាក់អត្រាពន្ធពី ២៥ភាគរយ មក ១៥ភាគរយ ដោយបានបន្ធូរបន្ថយភាពតានតឹងភ្លាមៗ។ ប៉ុន្តែអ្នកជំនាញបានព្រមានថា ភាពធូរស្រាលនេះ អាចនឹងមានរយៈពេលខ្លី ខណៈតម្លៃនាំចេញខ្ពស់ និងគោលនយោបាយមិនច្បាស់លាស់ បន្តមានសម្ពាធលើវិស័យផលិតកម្មរបស់ប្រទេសអាល្លឺម៉ង់ និងបំផ្លាញដល់ទំនុកចិត្តឧស្សាហកម្ម។

ក្រុមហ៊ុន BMW, Mercedes-Benz និង Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង៣ របស់អាល្លឺម៉ង់ បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនូវប្រាក់ចំណេញ ក្នុងឆមាសទី ១ នៃឆ្នាំ២០២៥ នេះ ដោយផ្ដល់ហេតុផលថា ពន្ធគយរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យធ្លាក់ចុះប្រាក់ចំណូល។
យោងតាមសារព័ត៌មាន Financial Times លំហូរសាច់ប្រាក់រួមបញ្ចូលគ្នារបស់ក្រុមហ៊ុនទាំង៣ អាចធ្លាក់ចុះដល់ទៅ ១០ពាន់លានអឺរ៉ូ (១១.៦៥ពាន់លានដុល្លារ) នៅឆ្នាំនេះ ដោយការចំណាយលើពន្ធគយ និងបញ្ហាសេដ្ឋកិច្ចដ៏ទូលំទូលាយ សុទ្ធតែមានសួនរួមយ៉ាងសំខាន់។
ស្របពេលមានការកើនឡើងនូវភាពមិនច្បាស់ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម នៅក្នុងទីផ្សារឆ្លងមហាសមុទ្រអាត្លង់ទិក ចំនួនក្រុមហ៊ុនអាល្លឺម៉ង់ច្រើនឡើងៗ កំពុងផ្ដោតទៅប្រទេសចិន ដែលត្រូវបានទាក់ទាញដោយសារស្ថិរភាពបទប្បញ្ញត្តិ និងទស្សនវិស័យកំណើនច្បាស់លាស់ជាង។ តាមរយៈផលិតកម្មក្នុងស្រុក ភាពជាដៃគូបច្ចេកវិទ្យា និងគោលដៅវិនិយោគ ក្រុមហ៊ុនផលិតរថយន្តកំពុងស្វែងរកការពង្រឹងទីតាំងរបស់ពួកគេ នៅទ្វីបអាស៊ី និងពន្លឿនដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធ៕

