ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas កាលពីថ្ងៃអាទិត្យ (ទី១០ ខែសីហា) បានលើកឡើងថា កិច្ចព្រមព្រៀងណាមួយ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ត្រូវតែរួមបញ្ចូលអ៊ុយក្រែន និងសហភាពអឺរ៉ុប ដោយបន្ថែមថា លោកស្រីនឹងកោះប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុប នៅថ្ងៃចន្ទ (ទី១១ ខែសីហា) នេះ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។

នៅក្នុងអត្ថាធិប្បាយតាមអ៊ីម៉ែល លោកស្រី Kallas បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកមានឥទ្ធិពលក្នុងការបង្ខំឲ្យរុស្ស៊ីព្រមចរចាយ៉ាងប្រាកដប្រជា។ ប៉ុន្តែកិច្ចព្រមព្រៀងណាមួយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវតែមានរួមបញ្ចូលអ៊ុយក្រែន និងសហភាពអឺរ៉ុប ព្រោះវាគឺជាបញ្ហារបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុបទាំងមូល»។
លោកស្រី Kallas បានបន្តថា «នៅពេលដែលយើងធ្វើការឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាព និងយុត្តិធម៌ ច្បាប់អន្តរជាតិមានភាពច្បាស់លាស់ណាស់ នោះគឺថា ដែនដីដែលកាន់កាប់បណ្តោះអាសន្នទាំងអស់ ជាកម្មសិទ្ធិរបស់អ៊ុយក្រែន»។ លោកស្រីបានបន្ថែមថា៖ «កិច្ចព្រមព្រៀងមិនត្រូវផ្តល់ជាកត្តា ដើម្បីឲ្យមានការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតលើអ៊ុយក្រែន សម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក និងអឺរ៉ុបនោះឡើយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រខាងមុខនេះ៕
