រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសស្វីស លោក Martin Pfister បានលើកឡើងកាលពីថ្ងៃអាទិត្យ (១០ សីហា) ថា រូបលោក "បើកទូលាយ" ក្នុងការបញ្ជាទិញគ្រឿងយុទ្ធោបករណ៍ថ្មីៗជាមួយសហរដ្ឋអាមេរិក ជាវិធីសាស្រ្តមួយក្នុងការព្យាយាមបន្ទាបពន្ធគយដ៏ច្រើនក្នុងអត្រា ៣៩% របស់ទីក្រុងវ៉ាស៊ីនតោន លើទំនិញស្វីស។
រដ្ឋាភិបាលស្វីស កំពុងស្វះស្វែងរកកិច្ចពិភាក្សាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីបេសកកម្មចរចាពន្ធចុងក្រោយបំផុតបានបរាជ័យនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយពុំទាន់អាចបន្ទាបអត្រាពន្ធនាំចូល ៣០% ដ៏ច្រើន ដែលអាចបង្កការវាយប្រហារដ៏ធំលើវិស័យនាំចេញរបស់ស្វីស ក្នុងអ្វីដែលក្រុមអាជីវកម្មបានហៅថាជា "ស្ថានភាពដ៏រន្ធត់"។
លោក Pfister បានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Keystone-ATS ថា "ការទិញគ្រឿងយុទ្ធោបករណ៍មានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក"។ លោកបន្តថា ទោះយ៉ាងនេះក្ដី “ដំបូងស្វីសត្រូវតែស្វែងរកផ្លូវសម្រាប់ការពិភាក្សាជាមួយភាគីអាមេរិកជាមុនសិន” ដើម្បីព្យាយាមជំរុញទំនាក់ទំនងទៅមុខជារួម។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យស្វីសភ្ញាក់ផ្អើលខ្លាំង នៅពេលលោកប្រកាសថា ប្រទេសតំបន់ភ្នំអាល់ដែលសម្បូរទ្រព្យមួយនេះ នឹងត្រូវរងការវាយប្រហារដោយពន្ធខ្ពស់បំផុតមួយក្នុងចំណោមពន្ធគយថ្មីៗលើការនាំចូលពីប្រទេសរាប់សិបទូទាំងពិភពលោក ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅ៕