ទីភ្នាក់ងារឧតុនិយមរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (១០ សីហា) ថា ចំហេះព្រៃ ព្យុះភ្លៀង និងលទ្ធភាពនៃសីតុណ្ហភាពខ្ពស់ជិតកម្រិតកំណត់ត្រានៅទូទាំងភាគខាងលិចអាមេរិក កំពុងស្ថិតក្នុងការព្យាករសម្រាប់សប្តាហ៍ថ្មីនេះ។
នាយកដ្ឋានព្រៃឈើ និងការពារចំហេះរបស់រដ្ឋកាលីហ្វ័រនីញ៉ា បាននិយាយនៅថ្ងៃអាទិត្យថា ចំហេះដ៏ធំមួយ ចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង ឡូសអែនជឺឡេស បានដុតបំផ្លាញផ្ទៃដីចំនួនជាង ៤.៦០០០ហិកតា ហើយមិនទាន់គ្រប់គ្រងបាននោះទេ។

សេវាកម្មអាកាសធាតុជាតិអាមេរិក និយាយនៅថ្ងៃអាទិត្យថា ចំហេះព្រៃដ៏ធំនៅក្នុងរដ្ឋ ខូឡូរ៉ាដូ ក៏បានបណ្តាលឱ្យគុណភាពខ្យល់ធ្លាក់ចុះនៅទីនោះផងដែរ ហើយការជូនដំណឹងត្រដាក់ចេញនៅទូទាំងផ្នែកខាងលិចនៃរដ្ឋ។ ជាមួយគ្នានេះ ការណែនាំ និងការព្រមានពីកម្ដៅខ្លាំងកម្រិតជិតបំពែកកំណត់ត្រារបស់អាមេរិក ត្រូវបានដាក់ចេញនៅទូទាំងផ្នែកនៃភាគខាងលិច រួមមានរដ្ឋកាលីហ្វ័រនីញ៉ា ណេវ៉ាដា អារីហ្សូណា អហ្គិន វ៉ាស៊ីនតោន និងអៃដាហូ ជាដើម នេះបើតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ។
សេវាអាកាសធាតុព្រមានថា ការឃ្លាំមើលទឹកជំនន់ត្រូវបានដាក់ចេញពាសពេញតំបន់ភាគខាងលិចប៉ែកកណ្ដាល រួមទាំងទីក្រុង មីលវ៉ូគី ផងដែរ។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក កំពុងឃ្លាំមើលព្យុះភ្លៀងចំនួន ២ករណី ដែលអាចកើតមាននៅភាគកណ្តាលអាត្លង់ទិកឆ្ងាយពីដីគោក៕

