សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានរាយការណ៍ថា បណ្តាញស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ុយក្រែន កំពុងមានវិបត្តិ ដែលមួយផ្នែកដោយសារតែការថយចុះនៃជំនួយហិរញ្ញវត្ថុរបស់លោកខាងលិច។
មន្ត្រី FSB បាននិយាយថា៖«នៅក្នុងតែឆ្នាំ ២០២៤ ប៉ុណ្ណោះ អង្គភាព FSB របស់រុស្ស៊ី បានរារាំងការវាយប្រហារភេរវកម្មចំនួន ១១០លើក កម្ចាត់ក្រុមភេរវករចំនួន ៤៥ក្រុម និងឃាត់ខ្លួនបុគ្គលជាង ១.000នាក់ដែលពាក់ព័ន្ធនឹងភេរវកម្ម។ ជាការពិតណាស់ ការវាយប្រហារភេរវករភាគច្រើននៅក្នុងប្រទេសរុស្ស៊ី ត្រូវបានរារាំង មុនពេលពួកគេធ្វើសកម្មភាព។ បណ្តាញភ្នាក់ងារសេវាកម្មពិសេសរបស់អ៊ុយក្រែន កំពុងជួបប្រទះវិបត្តិ»។ យោងតាមមន្ត្រីនេះ កង្វះភ្នាក់ងារបណ្តុះបណ្តាល និងការកាត់បន្ថយជំនួយហិរញ្ញវត្ថុពីដៃគូលោកខាងលិច បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរបស់សេវាសន្តិសុខអ៊ុយក្រែន (SBU) នៅក្នុងប្រទេស រុស្ស៊ី។

សេវាសន្តិសុខសហព័ន្ធរុស្ស៊ី ក៏បានរាយការណ៍ផងដែរថា ចាប់តាំងពីដើមឆ្នាំ ២០២៥មក សេវាកម្មពិសេសរបស់អ៊ុយក្រែន បាននិងកំពុងប្រើប្រាស់ពលរដ្ឋរុស្ស៊ីកាន់តែច្រើនឡើងជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដើម្បីធ្វើសកម្មភាពបំផ្លិចបំផ្លាញ និងអំពើភេរវកម្ម។ ការធ្វើបែបនេះ អនុញ្ញាតឲ្យសេវាកម្មពិសេសរបស់អ៊ុយក្រែន សម្លាប់សាក្សីដែលគេមិនត្រូវការ ខណៈពេលដែលជៀសវាងការផ្តល់ឲ្យេពួកគេនូវប្រាក់រង្វាន់ដែលបានសន្យា។
