ទីក្រុងម៉ានីល នៅថ្ងៃចន្ទ (ទី១១ ខែសីហា) នេះ បានឲ្យដឹងថា នាវាកងទ័ពជើងទឹកចិន បានបុកគ្នាជាមួយនាវា ១គ្រឿងទៀតមកពីឆ្មាំល្បាតឆ្នេររបស់ខ្លួន ខណៈពេលដែលកំពុងដេញតាមទូកល្បាតហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូង ដោយបានចេញផ្សាយវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលនៃការប្រឈមមុខដាក់គ្នានេះ។
អ្នកនាំពាក្យលោកឧត្តមនាវីត្រី Jay Tarriela បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅជិតតំបន់ថ្មប៉ប្រះទឹកមានជម្លោះ Scarborough Shoal ខណៈពេលដែលឆ្មាំល្បាតឆ្នេរហ្វីលីពីន បានអមដំណើរទូកដែលកំពុងផ្ដល់សម្ភារដល់អ្នកនេសាទ នៅក្នុងតំបន់នេះ។

វីដេអូដែលត្រូវបានចេញផ្សាយដោយទីក្រុងម៉ានីល បានបង្ហាញពីនាវាឆ្មាំល្បាតឆ្នេរ និងនាវាដ៏ធំមួយទៀតដែលមានលេខ ១៦៤ នៅលើតួរបស់វា បានបុកគ្នាលាន់សំឡេងយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងការនិយាយពីការបុកគ្នានេះ ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សេចក្ដីរាយការណ៍ពីការប៉ះទង្គិចគ្នានេះ គឺជាហេតុការណ៍ចុងក្រោយបង្អស់នៃការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ រវាងចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំងអះអាងសិទ្ធិស្ទើរតែទាំងស្រុង៕
