រថយន្តដឹកជំនួយ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្កាហ្សា បានធ្វើដំណើរតាមផ្លូវចេញពីទីក្រុង Rafah ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ។
កាលពីពុធសប្តាហ៍មុន លោក Amal Imam គឺជាប្រធានប្រតិបត្តិក្រុមអឌ្ឍចន្ទក្រហមអេហ្ស៊ីប និយាយថា រថយន្តដឹកជំនួយសរុប ១៤.៥០០តោន បានចូលក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែល យល់ព្រមកាលពីថ្ងៃទី ២៧ ខែកក្កដា អនុញ្ញាតឲ្យជំនួយបន្ថែមទៀតចូលទៅដល់ពលរដ្ឋហ្កាហ្សា ។

លោក Imam និយាយថា មកទល់នឹងពេលនេះ រថយន្ត ៨០០គ្រឿង ក្នុងចំណោមរថយន្ត ១ពាន់គ្រឿងដែលបានឆ្លងកាត់ព្រំដែន បានទៅដល់គោលដៅនៅតំបន់ហ្កាហ្សា ។
ជនប៉ាឡេស្ទីន និងក្រុមមន្រ្តីអង្គការសហប្រជាជាតិ(UN) និយាយថា រថយន្តដឹកជំនួយប្រហែល ៦០០គ្រឿងត្រូវការចូលតំបន់ហ្កាហ្សាក្នុង ១ថ្ងៃ ដើម្បីអាចឈានដល់តម្រូវការមនុស្សធម៌ គឺជាចំនួនតែមួយដែលអ៊ីស្រាអែលធ្លាប់អនុញ្ញាតឲ្យចូលតំបន់ហ្កាហ្សា មុនពេលសង្រ្គាមផ្ទុះឡើង ។
ក្រុមហាម៉ាស និយាយថា ពួកគេបានត្រៀមខ្លួនសម្របសម្រួលជាមួយក្រុមកាកបាទក្រហម ដើម្បីចែកចាយជំនួយដល់ចំណាប់ថ្នូរដែលពួកគេចាប់នៅក្នុងតំបន់ហ្កាហ្សា បើសិនជាអ៊ីស្រាអែលបើកច្រករបៀងមនុស្សធម៌ជាអចិន្រ្តៃយ៍ ហើយនិងបញ្ឈប់ការវាយប្រហារតាមច្រកអាកាស អំឡុងពេលចែកចាយជំនួយ ៕
