រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃចន្ទ (ទី១១ ខែសីហា) នេះ បានប៉ាន់ប្រមាណថា ប្រហែល ៥៥ភាគរយនៃការនាំចេញទំនិញរបស់ឥណ្ឌា ទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវប្រឈមជាមួយអត្រាពន្ធគយដែលកំណត់ដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump ។
កាលពីសប្តាហ៍មុន លោក Trump បានដាក់ពន្ធបន្ថែម ២៥ភាគរយលើទំនិញឥណ្ឌា ដែលជាការដាក់ទណ្ឌកម្ម សម្រាប់ការទិញប្រេងពីរុស្ស៊ីរបស់ទីក្រុងញូវដេលី។ កម្រិតនោះបាននាំឲ្យពន្ធសរុបលើការនាំចេញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិកឡើងដល់ ៥០ភាគរយ ដែលជាចំនួនខ្ពស់បំផុតមួយ នៅក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់អាមេរិក។

នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរ ចំពោះសំណួររបស់សមាជិកសភា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា លោក Pankaj Chaudhary បានប្រាប់ថា រដ្ឋាភិបាលឥណ្ឌា បានគិតគូរពីអត្រាពន្ធ ២៥ភាគរយដែលលោក Trump បានដាក់ពីដំបូងលើទំនិញនានា ខណៈពេលដែលលោកបានផ្តល់ការប៉ាន់ប្រមាណ នៅថ្ងៃចន្ទនេះ។
លោក Chaudhary បានបន្ថែមថា៖ «ក្រសួងពាណិជ្ជកម្មត្រូវចូលរួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដែលរួមមានទាំងអ្នកនាំចេញ និងឧស្សាហកម្មផងដែរ ដើម្បីប្រមូលយកប្រតិកម្មវាយតម្លៃរបស់ពួកគេ អំពីស្ថានភាពនេះ»។
បើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ពាណិជ្ជកម្មទំនិញ រវាងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត និងធំជាងគេលំដាប់ទី ៥ របស់ពិភពលោក មានតម្លៃប្រហែល ៨៧ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធចុងក្រោយ៕

