ក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលបំផុតមួយរបស់សហភាពមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ (ទី១១ ខែសីហា) នេះ បានប្ដេជ្ញារារាំងការបោះឆ្នោតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ដោយបដិសេធដំណើរការបោះឆ្នោតដែលរបបយោធាបានចាត់ទុកថា ជាមធ្យោបាយ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរបស់ប្រទេស។
កងទ័ព Arakan Army (AA) បានលេចឡើងក្នុងនាមជាគូប្រជែងដ៏សំខាន់ ចំពោះឧត្តមសេនីយ៍ដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានបង្កឲ្យមានសង្រ្គាម ហើយសព្វថ្ងៃនេះ បានគ្រប់គ្រងស្ទើរតែទាំងអស់នៃរដ្ឋ Rakhine ភាគខាងលិច។
ក្រៅពីកងទ័ព AA យោធាកំពុងប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងៗទៀត ដែលបានជំទាស់នឹងការគ្រប់គ្រងកណ្តាលអស់រយៈពេលជាយូរមកហើយ និងដែលត្រូវបានចូលរួមនៅសមរភូមិជួរមុខដោយអង្គភាពទ័ពព្រៃគាំទ្រលទ្ធិប្រជាធិបតេយ្យថ្មី។

កាលពីចុងខែមុន របបយោធាបានបញ្ចប់វិធានការគ្រាអាសន្ន នៅទូទាំងប្រទេស ដែលបានប្រកាសក្នុងអំឡុងពេលមានរដ្ឋប្រហារ ហើយបានប្រាប់ថា ខ្លួននឹងរៀបចំការបោះឆ្នោតសកល នៅខែធ្នូ។
ក្រុមជំទាស់នឹងការដឹកនាំរបស់របបយោធា ក្នុងនោះរួមទាំងតំណាងរាស្រ្តរបស់ក្រុមប្រជាធិបតេយ្យដែលត្រូវបានទម្លាក់ពីអំណាចដោយសាររដ្ឋប្រហារ កំពុងធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះ ខណៈដែលអ្នកជំនាញអង្គការសហប្រជាជាតិ បានចាត់ទុកវាថា ជា «ដំណើរការក្លែងបន្លំ» ដែលរៀបចំឡើង ដើម្បីធ្វើឲ្យស្របច្បាប់នូវការគ្រប់គ្រងបន្តរបស់របបយោធា។
បើយោងតាមស្ថាប័នឃ្លាំមើលជម្លោះ បានឲ្យដឹងថា លោក Khaing Thu Kha អ្នកនាំពាក្យរបស់កងទ័ព AA បាននិយាយថា ការបោះឆ្នោតនឹងត្រូវបានរារាំងនៅតំបន់នៃរដ្ឋ Rakhine ដែលស្ថិតនៅក្រោមគ្រប់គ្រងរបស់ក្រុម ពោលគឺតំបន់ចំនួន ១៤ ក្នុងចំណោមតំបន់ ១៧ របស់រដ្ឋនេះ៕

