រដ្ឋាភិបាលឆ្វេងនិយមរបស់ប្រទេសអេស្ប៉ាញនៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យទីក្រុងមួយលុបចោលបម្រាមទៅលើការប្រារព្ធពិធីសាសនា នៅក្នុងកន្លែងលេងកីឡានានាក្នុងក្រុង ជាវិធានការមួយ ដែលត្រូវបានអ្នករិះគន់និយាយថា មានគោលបំណងរារាំងពិធីបុណ្យមូស្លីម ដែលមានយូរយារណាស់មកហើយនោះ។

ក្រុមប្រឹក្សាក្រុង Jumilla នៅតំបន់ភាគអាគ្នេយ៍នៃទីក្រុង Murcia បានអនុម័តការហាមឃាត់កាលពីសប្តាហ៍មុន ដោយមានការគាំទ្រពីគណបក្សប្រជាប្រិយអភិរក្ស (PP) ដោយនិយាយថា ខ្លួនបានព្យាយាម "លើកកម្ពស់ និងរក្សាតម្លៃប្រពៃណី»នៃតំបន់នេះ។
គណបក្សស្តាំនិយមជ្រុល Vox បានទាមទារវិធានការ ជាថ្នូរនឹងការគាំទ្រថវិកាដល់អភិបាលក្រុងនៃគណបក្សប្រជាប្រិយអភិរក្ស (PP)។
រដ្ឋាភិបាលជាតិរបស់ប្រទេសអេស្ប៉ាញ បានថ្កោលទោសចំពោះបម្រាមនេះភ្លាមៗ ដោយរដ្ឋមន្ត្រីទទួលបន្ទុករៀបចំផែនការ និងអន្តោប្រវេសន៍ លោក Elma Sainz បានហៅវាថា ជា «ចលនាប្រកាន់ពូជសាសន៍»។
