នៅថ្ងៃចន្ទនេះ ពលរដ្ឋហ្កាហ្សា បានជួបជុំគ្នាកាន់ទុក្ខក្នុងពិធីបុណ្យសពសមាជិក ៥នាក់របស់កាសែត Al Jazeera និងអ្នកធ្វើសេចក្តីរាយការណ៍ទី ៦ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ។
មនុស្សរាប់សិបនាក់ នាំគ្នាឈរនៅក្នុងទីធ្លាមន្ទីរពេទ្យ Al-Shifa ដើម្បីគោរពវិញ្ញាណក្ខន្ធលោក Anas al-Sharif វ័យ ២៨ឆ្នាំ ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានដ៏លេចធ្លោម្នាក់របស់កាសែត Al Jazeera ហើយនិងសហការី ៤នាក់ទៀតរបស់គាត់ ដែលត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ។

អ្នកសារព័ត៌មានទី ៦លោក Mohammed al-Khaldi ដែលធ្វើការជាអ្នកធ្វើសេចក្តីរាយការណ៍ឯករាជ្យ ត្រូវបានសម្លាប់ផងដែរ នៅក្នុងការវាយប្រហារមួយដែលមានគោលដៅលើអ្នកកាសែត Abu Salmiya ។
សាកសពរបស់ពួកគេដែលត្រូវបានរុំនៅក្នុងថង់ពណ៌ស. ត្រូវបានសែងតាមផ្លូវដោយក្រុមអ្នកកាន់ទុក្ខ ឆ្ពោះទៅកាន់ផ្នូររបស់ពួកគេ ។
អ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេមានគោលដៅលើលោក al-Sharif ដែលពួកគេចាត់ទុកថាជាភេរវករមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ៕
