យោងតាមការអះអាងរបស់គ្រួសារលោក បានឲ្យដឹងថា សមាជិកព្រឹទ្ធសភាកូឡុំប៊ីលោក Miguel Uribe ដែលបានស៊ូដើម្បីរស់ ចាប់តាំងពីរូបលោករងការបាញ់ប្រហារកាលពីខែមិថុនា អំឡុងព្រឹត្តការណ៍នៃយុទ្ធនាការនោះ បានទទួលមរណភាពហើយ ។
លោក Uribe គឺជាសមាជិកព្រឹទ្ធសភាវ័យ ៣៩ឆ្នាំ និងជាបេក្ខជនប្រធានាធិបតីដ៏មានសក្តានុពលម្នាក់មកពីក្រុមប្រឆាំងនិយមស្តាំ ត្រូវបានគេបាញ់ប្រហារនៅទីក្រុង Bogota កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ អំឡុងពេលដង្ហែរក្បួន ហើយលោកទទួលការវះកាត់ជាច្រើនលើក មុនពេលលោកស្លាប់ ។
អ្នកស្រី Maria Claudia Tarazona ត្រូវជាភរិយារបស់លោក បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា គាត់សុំព្រះឲ្យប្រាប់ផ្លូវគាត់ថាត្រូវរស់នៅបែបណាពេលគ្មានប្តីរបស់គាត់បែបនេះ ។ សូមប្តីទៅកាន់សុខគតិភព ប្រពន្ធនឹងមើលថែកូនៗរបស់ពួកយើងឲ្យបានល្អ ។
លោក Uribe មាននូវជីវិតនយោបាយដ៏ជោគជ័យយ៉ាងឆាប់រហ័ស ដោយរូបលោកក្លាយជាតំណាងរាស្រ្តសម្រាប់គណបក្សមជ្ឈមណ្ឌលប្រជាធិបតេយ្យ ។ លោក គ្រោងនឹងឡើងដណ្តើមតំណែងប្រធានាធិបតីកូឡុំប៊ី នៅការបោះឆ្នោតឆ្នាំ ២០២៦ខាងមុខនេះ ។
ការិយាល័យរដ្ឋអាជ្ញាធរ និយាយថា យុវជនអាយុ ១៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុជាមួយអាវុធប្រភេទ Glock កាណុងទំហំ ៩ មីលីម៉ែត្រ ហើយយុវជនម្នាក់ បានផ្តល់ចម្លើយគ្មានទោស ក្រោយរងការចោទប្រកាន់កាលពីថ្ងៃទី ១០ ខែមិថុនា ពីបទប៉ុនប៉ងមនុស្សឃាត ៕