ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air India នៅថ្ងៃចន្ទ (ទី១១ ខែសីហា) នេះ បានប្រកាសពីការផ្អាកសេវាកម្មរបស់ខ្លួន រវាងទីក្រុងដេលី និងវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ដោយសារកត្តាប្រតិបត្តិការរួមបញ្ចូលគ្នាជាច្រើន ក្នុងនោះរួមមានទាំងការធានានូវភាពជឿជាក់ និងសុចរិតភាពនៃបណ្តាញផ្លូវជារួមរបស់ក្រុមហ៊ុនអាកាសចរណ៍ផងដែរ។
ការផ្អាកនេះត្រូវបានជំរុញជាចម្បងដោយការរំពឹងទុកពីកង្វះខាតយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ខណៈដែលក្រុមហ៊ុននេះបានចាប់ផ្តើមជួសជុលឡើងវិញនូវយន្តហោះ Boeing 787-8 របស់ខ្លួនចំនួន ២៦គ្រឿង កាលពីខែមុន។
អ្នកនាំពាក្យរបស់ Air India បានឲ្យដឹងថា កម្មវិធីជួសជុលឡើងវិញដ៏ធំនេះ ដែលមានបំណងធ្វើឲ្យការធ្វើដំណើររបស់អ្នកដំណើរកាន់តែប្រសើរឡើង ទាមទារឲ្យយន្តហោះជាច្រើនគ្រឿងត្រូវពន្យារពេលហោះហើរយូរដូចគ្នា ដែលយ៉ាងហោចណាស់ក៏រហូតដល់ចុងឆ្នាំ២០២៦ ដែរ។
ការផ្អាកនោះ គួបផ្សំនឹងការបន្តបិទដែនអាកាស នៅប្រទេសប៉ាគីស្ថានផងដែរ ប៉ះពាល់ដល់ប្រតិបត្តិការផ្លូវឆ្ងាយរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលបណ្ដាលឲ្យមានការហោះហើរលើវែងឆ្ងាយជាងមុន និងបង្កើនភាពស្មុគស្មាញដល់ប្រតិបត្តិការ។
ពាក់ព័ន្ធនឹងការការផ្អាកនេះ ក្រុមហ៊ុន បានបញ្ជាក់ថា អតិថិជនដែលបានកក់សំបុត្ររបស់ Air India ទៅ ឬមកពីទីក្រុងវ៉ាស៊ីនតោន លើសពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នឹងត្រូវបានទាក់ទងទៅ ដើម្បីផ្តល់ជូននូវការរៀបចំការធ្វើដំណើរជំនួស ក្នុងនោះរួមទាំងការកក់ឡើងវិញលើជើងហោះហើរផ្សេងទៀត ឬការសងប្រាក់វិញទាំងស្រុង តាមការចង់បានរបស់អតិថិជនម្នាក់ៗ៕