ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃចន្ទ (ទី១១ ខែសីហា) នេះ បានថ្កោលទោសផែនការរបស់អ៊ីស្រាអែល ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន និងគ្រប់គ្រងទីក្រុងហ្កាហ្សា ដោយចាត់ទុកថា ជា «មហន្តរាយ» និងជាផ្លូវឆ្ពោះទៅកាន់ «សង្រ្គាមអចិន្ត្រៃយ៍»។
លោក Macron បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សង្រ្គាមនេះត្រូវតែបញ្ចប់ឥឡូវនេះ ដោយការមានបទឈប់បាញ់ជាអចិន្ត្រៃយ៍» ដោយលោកបានបន្ថែមថា ផែនការរបស់អ៊ីស្រាអែល ក្នុងការកាន់កាប់ទីក្រុងហ្កាហ្សា គឺជា «មហន្តរាយដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក និងការធ្លាក់ចូលយ៉ាងលឿនរហ័សទៅក្នុងការមានសង្រ្គាមអចិន្ត្រៃយ៍»។
លោក Macron បានសង្កត់ធ្ងន់ថា៖ «ចំណាប់ថ្នូរអ៊ីស្រាអែល និងប្រជាជន នៅតំបន់ហ្កាហ្សា នឹងបន្តក្លាយជាជនរងគ្រោះចម្បងនៃយុទ្ធសាស្ត្រនេះ»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបញ្ជាក់ថា យោធារបស់ខ្លួន នឹង «គ្រប់គ្រង» ទីក្រុងហ្កាហ្សា នៅក្នុងផែនការដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលបង្កឲ្យមានការរិះគន់ជាសកលជាបន្តបន្ទាប់៕