ជនប៉ាឡេស្ទីន រាយការណ៍ការទម្លាក់គ្រាប់បែកធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះនាថ្ងៃចន្ទនេះ នៅតំបន់ភាគខាងកើតទីក្រុងហ្កាហ្សា រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលោក Benjamin Netanyahu និយាយថា លោករំពឹងថានឹងបញ្ចប់ការវាយប្រហារថ្មីលើក្រុមហាម៉ាសឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។
ការវាយប្រហារតាមច្រកអាកាស បានសម្លាប់អ្នកសារព័ត៌មាន ៦នាក់ផងដែរ រួមទាំងអ្នកឆ្លើយឆ្លងព័ត៌មានដ៏លេចធ្លោម្នាក់របស់កាសែត Al Jazeera គឺលោក Anas Al Sharif ក្នុងសំពត់តង់នៅបរិវេនមន្ទីរពេទ្យ Al Shifa ដែលជាការវាយប្រហារស្លាប់អ្នកសារព័ត៌មានច្រើនបំផុត អំឡុងយុទ្ធនាការសឹករបស់អ៊ីស្រាអែលដែលបានចំណាយពេលជាង ២២ខែ ។
សាក្សីនិយាយថា នៅថ្ងៃចន្ទនេះ រថក្រោះអ៊ីស្រាអែល និងយន្តហោះចម្បាំង បានវាយប្រហារតំបន់ Sabra, Zeitoun និងតំបន់ Shejaia គឺជាតំបន់ជាយក្រុងចំនួន ៣នៅភាគខាងកើតទីក្រុងហ្កាហ្សា និងស្ថិតនៅភាគខាងជើងដែនដីប៉ាឡេស្ទីនមួយនេះ ជំរុញឲ្យមនុស្សជាច្រើនគ្រួសារ ធ្វើដំណើរឆ្ពោះទៅភាគខាងលិច ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។
ពលរដ្ឋទីក្រុងហ្កាហ្សា និយាយថា វាស្ថិតក្នុងចំណោមការវាយប្រហារដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ធ្វើឲ្យមានក្តីបារម្ភដល់ការត្រៀមខ្លួនរបស់យោធាអ៊ីស្រាអែល ក្នុងការវាយប្រហារកាន់តែជ្រៅចូលទៅក្នុងទីក្រុងហ្កាហ្សា ដែលបច្ចុប្បន្នក្រុមហាម៉ាស និយាយថា នៅទីនេះ បានផ្តល់ជម្រកដល់មនុស្សប្រហែល ១លាននាក់ ក្រោយជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងហ្កាហ្សា ៕