ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបមានចំនួនប្រមាណជិត ១០ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ ៦៣ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីសប្តាហ៍កន្លងទៅនេះ នៅក្នុងសន្និបាតលើកទី១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានមានប្រសាសន៍ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានរោងចក្រ សហគ្រាស និងកម្មករនិយោជិតតិចតួច នៅពេលកម្ពុជាបានចាប់ផ្តើមបើកសេដ្ឋកិច្ច និងទទួលវិនិយោគចាប់ពីឆ្នាំ១៩៩៣ និងបានបន្តកើនឡើងជាបន្តបន្ទាប់រហូតមក ជាពិសេសចាប់ពីឆ្នាំដែលកម្ពុជាទទួលបានសន្តិភាពពេញលេញដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបន្ទាប់មកគឺនៅក្រោយឆ្នាំ១៩៩៩ ពេលដែលរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយបទដ្ឋានការងារអន្តរជាតិ។
ឯកឧត្តម បានលើកឡើងបន្តថា ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ២០២០ និងបានងើបឡើងវិញយ៉ាងល្អក្នុងឆ្នាំ២០២១ ដោយការនាំចេញក្នុងរយៈពេល១០ខែដំបូងមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះការនំាចេញសម្លៀកបំពាក់មានទឹកប្រាក់ជាង ៦ ៥០០លានដុល្លារ កើនឡើង៦ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ ការនាំចេញផលិតស្បែកជើងមានទឹកប្រាក់ជាង ១ ១០០លានដុល្លារ កើនឡើង២០ភាគរយ ការនាំចេញផលិតផលធ្វើដំណើរមានទឹកប្រាក់ជាង ១.១០០លានដុល្លារ កើនឡើង៤៩ភាគរយ។
ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២១ រោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះ បានកើនដល់ប្រមាណជាង ១ ២០០រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធ ដល់កម្មករនិយោជិតប្រមាណជិត ១លាននាក់។ វិស័យមួយនេះ ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ មានអត្រាប្រហែល១០ភាគរយ៕ អត្ថបទ៖ ឈិត បូរ៉ាវី