ឧបករណ៍ថ្មបុរាណដែលត្រូវបានរកឃើញកប់នៅលើខ្នងភ្នំ ស្ថិតក្នុងខេត្ត South Sulawesi ប្រទេសឥណ្ឌូនេស៊ីអាចជាភស្តុតាងបញ្ជាក់ថា មនុស្សដំបូងគេ បានរស់នៅលើកោះចន្លោះអាស៊ី និងអូស្រ្តាលីកាលពីរយៈពេល ១,៥លានឆ្នាំមុន ។
ឧបករណ៍ដែលមានសណ្ឋានតូច ហើយទំនងជាត្រូវបានប្រើប្រាស់សម្រាប់កាត់សត្វ ឬឆ្លាក់ថ្មនេះ ត្រូវបានជីករកឃើញនៅលើភ្នំ Walanae ដោយក្រុមបុរាណវិទូ មកពីឥណ្ឌូនេស៊ី និងអូស្ត្រាលី ។
លោក Adam Brumm គឺជាបុរាណវិទូមកពីសាកលវិទ្យាល័យ Griffith និយាយថា ហ្វូស៊ីលរបស់សត្វផុតពូជជាយូរលង់ណាស់មកហើយ ត្រូវបានរកឃើញផងដែរនៅលើទីតាំងនោះ ។
លោកនិយាយថា ពួកយើងបានរកឃើញវត្ថុបុរាណនៅក្នុងដីល្បាប់ទន្លេបុរាណនេះ ជាមួយហ្វូស៊ីលរបស់សត្វផុតពូជដែលធ្លាប់រស់នៅកោះ Sulawesi រួមទាំងសត្វដំរីដំបូងគេ ក៏ដូចជាជ្រូកយក្សដែលធ្លាប់រស់នៅទីនេះ ហើយពួកយើងដឹងថា យ៉ាងហោចរយៈពេល ១លានឆ្នាំមុន មនុស្សដំបូងគេបានរស់នៅទីនេះ នៅលើកោះ Sulawesi ។
លោក Brumm បាននិយាយទៀតថា របកគំហើញឧបករណ៍រយៈពេល ១លានឆ្នាំនៅលើកោះ Sulawesi ពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះថា វាមាននៅទីនេះ ។
លោក Brumm បន្តថា មាននូវវត្ថុបុរាណបង្កើតឡើងដោយមនុស្សបុរាណដែលរស់នៅលើផែនដីមុនការវិវត្តន៍របស់មនុស្សបច្ចុប្បន្នរបស់ពួកយើង ។
សូមបញ្ជាក់ថា កោះ Sulawesi គឺជាកោះធំជាងគេបំផុតនៅក្នុងតំបន់ដែលគេស្គាល់ថាជាប្រជុំកោះ Wallacea គឺជាប្រជុំកោះមួយដែលពុំធ្លាប់ដែលតភ្ជាប់ជាមួយដីធំៗនោះទេ ។ នេះមានន័យថា មនុស្សដំបូងគេ បានឆ្លងកាត់មហាសមុទ្រ ដើម្បីធ្វើដំណើរមកដល់ទីនេះ គឺជារឿងមួយដែលកាលពីមុនគេគិតថា វាមិនអាចទៅរួចនោះទេ ៕