ប្រភពមន្ត្រីផ្ទៃក្នុងអ៊ីស្រាអែល បានឱ្យដឹងថា ប្រតិបត្តិការវាយលុកថ្មីរបស់អ៊ីស្រាអែល លើទីក្រុងហ្កាហ្សា របស់ដែនដីហ្កាហ្សាស្រ្ទីប អាចត្រូវចំណាយពេលជាច្រើនសប្តាហ៍ទៀតដើម្បីអាចចាប់ផ្តើមបាន ដោយទុកឱ្យទ្វារបើកចំហសម្រាប់បទឈប់បាញ់មួយ ទោះជាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រកាសថា យុទ្ធនាការយោធាថ្មីនេះនឹងដំណើរការ "យ៉ាងឆាប់រហ័ស" ហើយនិងបញ្ចប់សង្រ្គាមជាមួយនឹងការបរាជ័យរបស់ក្រុមហាម៉ាសក៏ដោយ។

មន្ត្រីពីររូបដែលចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនដើម្បីអនុម័តផែនការនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការជម្លៀសជនស៊ីវិលចេញពីតំបន់រងផលប៉ះពាល់នៅហ្កាហ្សា អាចនឹងត្រូវបញ្ចប់ត្រឹមដើមខែតុលាតែប៉ុណ្ណោះ ដោយចំណុចនេះអាចផ្តល់ពេលវេលាសម្រាប់ការតាមរកកិច្ចព្រមព្រៀងមួយ។
លោក Netanyahu បាននិយាយរួចហើយថា ជាដំបូង អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់ប្រយុទ្ធជាមុនសិន មុនពេលកងកម្លាំងចូលទៅទីក្រុងហ្កាហ្សា ជាទីដែលលោកពិពណ៌នាថាជាបន្ទាយមួយក្នុងចំណោមបន្ទាយ២ ចុងក្រោយរបស់ពួកហាម៉ាស ដែលការបរាជ័យទាំងស្រុងរបស់ក្រុមនេះនឹងនាំមកនូវការបញ្ចប់សង្គ្រាមហ្កាហ្សា។
យ៉ាងណាមិញ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich និយាយថា ផែនការនេះត្រូវរៀបចំឡើងដើម្បីដាក់សម្ពាធក្រុមហាម៉ាស ឱ្យត្រឡប់ទៅតុចរចាវិញប៉ុណ្ណោះ ជាជាងកម្ចាត់ឬសគល់ក្រុមនេះ ហើយជំរុញឱ្យលោក Netanyahu លុបចោលគម្រោងនេះ។
ក្រុមអ្នកសម្រុះសម្រួល អេហ្ស៊ីប និងកាតា មិនបានបោះបង់ចោលកិច្ចចរចាបទឈប់បាញ់ដោយប្រយោលរវាងអ៊ីស្រាអែល-ហាម៉ាស នោះទេ នេះយោងតាមអ្នកការទូតអារ៉ាប់ ដែលបាននិយាយថា ការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការផ្សព្វផ្សាយផែនការវាយលុកទីក្រុងហ្កាហ្សាថ្មីរបស់ខ្លួនមួយនេះ ប្រហែលជាមិនមែនជាការបំភ័យទេ ប៉ុន្តែផែនការនេះក៏អាចដាក់សម្ពាធឱ្យក្រុមហាម៉ាស ត្រឡប់ទៅតុចរចាវិញផងដែរ៕

