ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (១១ សីហា) ថា លោកបញ្ជាឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន ៨០០នាក់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងកាន់កាប់ជាបណ្តោះអាសន្ននូវនាយកដ្ឋាននគរបាលរបស់ទីក្រុងនេះ ដែលជាសកម្មភាពបែបមិនធម្មតាមួយ ក្នុងវិធានការដែលលោកនិយាយថាដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកមួយនេះ។

ចំណាត់ការរបស់លោក Trump ដែលបានរំលងមេដឹកនាំជាប់ឆ្នោតរបស់ទីក្រុងនេះ គឺបង្ហាញពីវិធីសាស្រ្តដែលមិនសូវមើលឃើញពីមុននៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប។
លោក Trump បានហៅការដាក់ពង្រាយឆ្មាំជាតិនេះថាធ្វើឡើងតាមភាពចាំបាច់ដើម្បី "ជួយសង្គ្រោះ" ទីក្រុងវ៉ាស៊ីនតោន ពីរលកនៃភាពគ្មានច្បាប់ទាក់ទងនឹងឧក្រិដ្ឋកម្ម។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅសេតវិមានថា "រដ្ឋធានីរបស់អាមេរិក ត្រូវវាយលុកដោយក្រុមជនអន្ធពាលដ៏ហិង្សា និងឧក្រិដ្ឋជនដែលចូលចិត្តការបង្ហូរឈាម"។
យ៉ាងណាមិញ ស្ថិតិបង្ហាញថា ឧក្រិដ្ឋកម្មហិង្សាក្នុងទីក្រុងវ៉ាស៊ីនតោន បានផ្ទុះឡើងខ្លាំងក្នុងឆ្នាំ២០២៣ ប៉ុន្តែបានធ្លាក់ចុះយ៉ាងឆាប់រហ័សចាប់តាំងពីពេលនោះមក។
ក្រុមមន្ត្រី និងភ្នាក់ងាររាប់រយនាក់មកពីទីភ្នាក់ងារសហព័ន្ធជាង១១ បានពង្រាយពេញទីក្រុងវ៉ាស៊ីនតោន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយលោក Trump បាននិយាយថា រដ្ឋមន្រ្តីយុត្តិធម៌ លោកស្រី Pam Bondi នឹងត្រួតពិនិត្យកម្លាំងនគរបាល៕

