ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ដើម្បីពង្រឹងជំហរត្រៀមប្រយុទ្ធរបស់ខ្លួន ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រៀមធ្វើសមយុទ្ធយោធារួមគ្នានៅសប្តាហ៍ក្រោយ។

កងអនុសេនាកាំភ្លើងធំតាកទិកនៃយោធាកូរ៉េខាងជើងបានរៀបចំការប្រកួតប្រជែងអនុវត្តការបាញ់ប្រហារ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ស្របតាមផែនការសមយុទ្ធប្រយុទ្ធពីអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង។
សកម្មភាពយោធារបស់កូរ៉េខាងជើងបានកើតឡើងមួយសប្តាហ៍មុនពេលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន គ្រោងនឹងចាប់ផ្តើមសមយុទ្ធ Ulchi Freedom Shield រដូវក្តៅប្រចាំឆ្នាំរបស់ខ្លួន ដែលកំណត់រៀបចំឡើងនៅថ្ងៃទី១៨ដល់២៨ ខែសីហា។
កូរ៉េខាងជើងបាននិយាយថា ការប្រកួតបាញ់ប្រហារនេះគឺមានគោលបំណង ធ្វើឱ្យល្អឥតខ្ចោះនូវសមត្ថភាពប្រយុទ្ធក្នុងសង្រ្គាម និងការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពទាំងមូល។
ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសថា សមយុទ្ធបាញ់ប្រហារនេះ បានបម្រើជាឱកាសមួយដើម្បីបង្ហាញពីឆន្ទៈដ៏មុតមាំរបស់កងទ័ពក្នុងការទប់ស្កាត់យ៉ាងហ្មត់ចត់ចំពោះក្រុមយោធានៅក្នុងដីជាប់ព្រំដែន និងការពារសន្តិសុខប្រកបដោយទំនុកចិត្ត ។
សមយុទ្ធចុងក្រោយនេះត្រូវបានត្រួតពិនិត្យដោយលោក Pak Jong-chon អនុប្រធានគណៈកម្មការយោធាកណ្តាលរបស់គណបក្សកាន់អំណាច។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ពុំបានចូលរួមទេ៕

