ប្រទេសជាច្រើន និងអង្គការអន្តរជាតិ បានសម្តែងការព្រួយបារម្មណ៍កាលពីថ្ងៃច័ន្ទជុំវិញតាមដែលចោទប្រកាន់ថាបានដាក់គោលដៅម្តងហើយម្តងទៀតទៅលើអ្នកសារព័ត៌មាននៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីនដ៏លេចធ្លោម្នាក់បម្រើការឲ្យប្រព័ន្ធផ្សព្វផ្សាយ Al Jazeera របស់ប្រទេសកាតា ដែលយោធាបានចោទប្រកាន់ជាយូរមកហើយថាជាភេរវករក្រុមហាម៉ាស ទទួលបន្ទុកខាងបាញ់រ៉ូក្កែត។ ការថ្កោលទោសបានកើនឡើងពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងក្រុមសិទ្ធិប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទ ខណៈពលរដ្ឋប៉ាឡេស្ទីនបានកាន់ទុក្ខអ្នកសារព័ត៌មាន។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា លោកនាយករដ្ឋមន្ត្រីមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីការកំណត់គោលដៅម្តងហើយម្តងទៀតលើអ្នកសារព័ត៌មាននៅតំបន់ហ្កាហ្សា»។ អ្នកនាំពាក្យរូបនេះបាននិយាយថា «អ្នករាយការណ៍ដែលចុះយកព័ត៌មានពីព្រឹត្តិការណ៍ជម្លោះត្រូវបានផ្តល់ការការពារក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ហើយអ្នកសារព័ត៌មានត្រូវតែអាចរាយការណ៍ដោយឯករាជ្យ គ្មានការភ័យខ្លាច ហើយអ៊ីស្រាអែលត្រូវតែធានាបានថាអ្នកសារព័ត៌មានអាចបំពេញការងាររបស់ពួកគេដោយសុវត្ថិភាព»។

នៅពេលត្រូវបានសួរអំពីការអះអាងដែលអ្នកសារព័ត៌មានម្នាក់មានទំនាក់ទំនងជាមួយក្រុមហាម៉ាស អ្នកនាំពាក្យរបស់ លោក Starmer បាននិយាយថា «នោះគួរតែត្រូវបានស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងដោយឯករាជ្យ ប៉ុន្តែយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដាក់គោលដៅលើអ្នកសារព័ត៌មានម្តងហើយម្តងទៀត»។