គណៈកម្មាធិការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន បានប្រកាសថា ទីក្រុងប៉េកាំង នឹងបន្តផ្អាកការដំឡើងពន្ធលើទំនិញអាមេរិករយៈពេល ៩០ថ្ងៃបន្ថែមទៀត ដោយចាប់ផ្តើមពីម៉ោងក្នុងស្រុក ១២:០១នាទីថ្ងៃត្រង់នាថ្ងៃអង្គារ (១២ សីហា) នេះតទៅ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានសម្រេចពន្យារពេលដំឡើងពន្ធដ៏ខ្ពស់របស់អាមេរិកលើទំនិញចិន រយៈពេល ៩០ថ្ងៃដូចគ្នានេះ។

សេចក្តីថ្លែងការណ៍គណៈកម្មាធិការពន្ធគយចិន នៅព្រឹកថ្ងៃអង្គារនេះបាននិយាយថា៖ ប្រទេសចិន នឹងបន្តកែប្រែការអនុវត្តអត្រាពន្ធបន្ថែមលើទំនិញរបស់សហរដ្ឋអាមេរិក ហើយក៏នឹងរក្សាពន្ធរបស់ខ្លួនលើទំនិញអាមេរិកចំនួន ១០% និងចាត់វិធានការដោះស្រាយរបាំងមិនមែនពន្ធ លើផលិតផលអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅលើវេទិកាសង្គម Truth Social របស់លោកថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយដែលផ្អាកការដំឡើងពន្ធខ្ពស់លើចិន រហូតដល់ម៉ោងក្នុងស្រុក ១២:០១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ជាមួយនឹងធាតុផ្សំផ្សេងទៀតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្ដោះអាសន្នជាមួយទីក្រុងប៉េកាំង នឹងនៅតែមាន។

គួរឱ្យដឹងថា កិច្ចព្រមព្រៀងបន្ធូរជម្លោះពន្ធរវាងចិន និងអាមេរិក ដើមឡើយត្រូវផុតកំណត់នៅថ្ងៃអង្គារនេះ។ ការពន្យារពេលរហូតដល់ដើមខែវិច្ឆិកានោះ បានរារាំងការយកពន្ធអាមេរិកលើទំនិញចិន ក្នុងអត្រាពីមុន ១៤៥% ខណៈពន្ធសងសឹកពីមុនរបស់ចិនលើទំនិញអាមេរិក ១២៥% យ៉ាងហោចណាស់សម្រាប់ពេលនេះ ដោយអាមេរិកបន្ទាបពន្ធមកត្រឹម ៣០% លើការនាំចូលរបស់ចិន ចំណែកពន្ធចិន លើការនាំចូលរបស់អាមេរិក នៅត្រឹម ១០% ប៉ុណ្ណោះ៕