រលកកម្ដៅថ្មីមួយបានវាយប្រហារផ្នែកខ្លះនៃទ្វីបអឺរ៉ុប ដោយបានបញ្ជូនសីតុណ្ហភាពឡើងដល់៤៣ អង្សារសេ ស្របពេលភ្លើងឆេះព្រៃបានបង្កការបំផ្លិចបំផ្លាញ និងបង្ខំឱ្យមានការជម្លៀសមនុស្សចេញពីលំនៅឋាន ខណៈផលប៉ះពាល់ពីការឡើងកម្ដៅភពផែនដី កំពុងកើតមានខ្លាំងនៅលើទ្វីបនេះ។

អ្នកពន្លត់អគ្គិភ័យនៅភាគពាយ័ព្យនៃប្រទេសអេស្ប៉ាញ បានប្រឹងប្រែងឥតសម្រាកកាលពីថ្ងៃចន្ទដើម្បីទប់ស្កាត់អណ្ដាតភ្លើងឆេះព្រៃដែលបានបំផ្លាញទីតាំងរុករករ៉ែរ៉ូម៉ាំងបុរាណ ហើយបានបង្ខំអ្នកស្រុករាប់រយនាក់ឱ្យភៀសខ្លួន។
នៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ដែលនៅជិតខាង អ្នកពន្លត់អគ្គិភ័យជិត ៧០០ នាក់កំពុងព្យាយាមទប់ទល់នឹងចំហេះព្រៃនេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅទីក្រុង Trancoso ចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Lisbon ។

មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញផ្ទះរាប់សិបខ្នងត្រូវបានឆេះ និងរថយន្តជាច្រើនគ្រឿង ត្រូវបានបំផ្លាញក្នុងភ្លើងឆេះព្រៃ ដែលឆេះរាលដាលនៅជិតខេត្ត Canakkale ភាគពាយ័ព្យនៃប្រទេសទួរគីកាលពីថ្ងៃចន្ទ ១១ សីហា។
នៅក្នុងប្រទេសក្រូអាត ក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល១៥០នាក់ បានព្យាយាមការពារលំនៅឋានជាច្រើនពីការរាលដាលអណ្ដាតភ្លើងជិតទីក្រុងកំពង់ផែ Split។
ក្រុមអាជ្ញាធរអាកាសធាតុជាតិបារាំង Meteo-France បានដាក់តំបន់ចំនួន ១២ លើការប្រកាសអាសន្នពណ៌ក្រហម ដែលជាការព្រមានពីកម្ដៅខ្ពស់បំផុតរបស់ប្រទេសនេះ។

ភ្លើងឆេះព្រៃបានបំផ្លាញផ្ទះជាច្រើនខ្នងក្នុងប្រទេសអាល់បានី ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានប្រឹងប្រែងទប់ស្កាត់អណ្ដាតភ្លើងក្នុងស្ថានភាពដ៏ក្ដៅគគុកកាលពីថ្ងៃចន្ទ។ យោងតាមក្រសួងការពារជាតិអាល់បានី ក្រុមអ្នកពន្លត់អគ្គិភ័យ និងទាហាន បានពន្លត់ភ្លើងជិត ៤០កន្លែងក្នុងរយៈពេល ២៤ ម៉ោង ប៉ុន្តែរាប់សិបកន្លែងទៀតនៅតែឆេះសកម្ម។នៅប្រទេសប៊ុលហ្គារី សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងលើសពី ៤០អង្សាសេ ទន្ទឹមនឹងការជូនដំណឹងអំពីគ្រោះថ្នាក់នៃចំហេះព្រៃកម្រិតអតិបរមា ៕