នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៤០គម្រោង មានទុន វិនិយោគ ៦,៧ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគវិស័យឧស្សាហកម្ម ៤,៧ ប៊ីលានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្ម ៣៥៦ លានដុល្លារ, ទេសចរណ៍ ១៦៧ លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ ប៊ីលានដុល្លារ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន លើការអនុម័តគម្រោងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុង នោះ សម្រាប់ខែ កក្កដា ឆ្នាំ ២០២៥, គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោង វិនិយោគសរុបចំនួន ៦៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៥៧ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុបខាងលើ, ក្នុងនោះគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៤ គម្រោង។ ជារួមការ ចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣ គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧ លាន ដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ចំណែកនៅក្នុងរយៈ៧ ខែ ឆ្នាំ២០២៥នេះវិញ, ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០ គម្រោង កើនឡើងចំនួន ២០៦ គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣ ពាន់ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ ២០២៤ រហូតដល់ទៅ ២៦ គម្រោង។
សូមបញ្ជក់ថា នៅក្នុងរយៈពេល ៧ ខែនេះ ប្រភពទុនវិនិយោគនៅកម្ពុជាដែលឈានមុខគេរួមមាន៖ ប្រទេសចិន ជាង ៥៣%, ការវិនិយោគក្នុងស្រុក ជិត ៣០%, សឹង្ហបុរី ជាង ៧%, វៀតណាម ជិត ៦%, កោះ British Virgin ០.៩០%, អង់គ្លេស ០.៤៩%, កោះ Cayman ០,៤៤%, Bermuda ០.៣៨%, សហរដ្ឋអាមេរិក ០,៣២% និងកោះ Samoa ០,៣០% នៃទុនវិនិយោគសរុប៕ អត្ថបទ៖ សុន រ៉ាឌី



