ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ របស់សាលាភូមិន្ទរដ្ឋបាល បានឈានដល់វិញ្ញាសាសួរផ្ទាល់មាត់ហើយ នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់រួចរាល់នូវការប្រឡងសម្រាប់វិញ្ញាសាសរសេរទី១ កាលពីចុងឆ្នាំកន្លងទៅ និងវិញ្ញាសាសរសេរលើកទី២ កាលពីថ្ងៃទី១០ ខែមករា។
តាមការឲ្យដឹងរបស់សាលាភូមិន្ទរដ្ឋបាលបានបង្ហាញបញ្ជីរាយនាមបេក្ខជនចំនួន ១២៦នាក់ ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ ក្នុងនោះជំនាញរដ្ឋបាលសាធារណៈ, ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជំនាញទំនាក់ទំនងអន្តរជាតិ។
សម្រាប់ការបើកការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ កាលពីថ្ងៃទី១៦ ខែមករាកន្លងទៅនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានមណ្ឌលប្រឡងសម្រាប់ដំណើរការនៃការប្រឡងនេះផងដែរ។
មិនខុសពីការប្រឡងលើកមុនឡើយក្នុងការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់នេះ ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ និងត្រឹមត្រូវបំផុត ក្នុងនោះមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងប្រធាន-អនុប្រធាន សមាជិក-សមាជិកានៃអនុគណៈកម្មការនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ នៃសាលាភូមិន្ទរដ្ឋបាល មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមកពីបណ្តាសាកលវិទ្យាល័យនានាផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី