ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (១១ សីហា) ថាទីក្រុងគីវ និងទីក្រុងមូស្គូ នឹងត្រូវធ្វើការប្រគល់ទឹកដីខ្លះរៀងខ្លួនដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាន ដោយបង្ហើបថា អាមេរិកនឹងព្យាយាមយកទឹកដីសំខាន់មួយចំនួនឱ្យអ៊ុយក្រែនវិញ ហើយថា ការពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងសប្តាហ៍នេះ នឹងបង្ហាញឱ្យឃើញភ្លាមៗថាតើមេដឹកនាំវិមានក្រឹមឡាំងរូបនេះមានឆន្ទៈធ្វើកិច្ចព្រមព្រៀងសន្តិភាពដែរឬទេ។

បណ្ដាមេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy គ្រោងពិភាក្សាជាមួយលោក Trump មុនពេលកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក Putin នៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រ ១៥ សីហា ខាងមុខនេះ ស្របពេលមានការភ័យខ្លាចថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងកំណត់លក្ខខណ្ឌសន្តិភាពមិនអំណោយផលសម្រាប់អ៊ុយក្រែន។
លោក Trump បានពង្រឹងជំហរតឹងតែងរបស់លោកចំពោះទីក្រុងមូស្គូ ដោយអនុញ្ញាតឱ្យបញ្ជូនអាវុធបន្ថែមរបស់អាមេរិក ទៅកាន់អ៊ុយក្រែន និងគំរាមដាក់ពន្ធធ្ងន់ៗប្រឆាំងនឹងអ្នកទិញប្រេងរុស្ស៊ីទៀតផង ប៉ុន្តែភាពភ័យខ្លាចនៅតែបន្តកើតមានក្នុងចិត្តអឺរ៉ុប ដែលថាប្រធានាធីបតីអាមេរិករូបនេះអាចនឹងយល់ព្រមចំពោះកិច្ចព្រមព្រៀងមួយ ដែលបង្ខំឱ្យមានសម្បទានធំៗពីទីក្រុងគីវ។
កាលពីមុនលោក Trump ធ្លាប់និយាយពីការដោះដូរទឹកដី ប៉ុន្តែទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានបើកចំហចំពោះការប្រគល់ទឹកដីដើម្បីជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពនោះទេ។ ថ្លែងទៅកាន់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានកាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា "នឹងមានការផ្លាស់ប្តូរទឹកដីមួយចំនួនកើតឡើង" ដោយបន្ថែមថា រុស្ស៊ីបានកាន់កាប់ "ទឹកដីសំខាន់" មួយចំនួន ប៉ុន្តែ "អាមេរិកនឹងព្យាយាមយកទឹកដីនោះមកវិញ"៕

