ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ (១២ សីហា) នេះថា មេដឹកនាំកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបើកកិច្ចប្រជុំកំពូលជាលើកដំបូង នៅថ្ងៃទី២៥ ខែសីហា ខាងមុខនេះ ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពីការពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

លោក Lee ដែលជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតមួយក្នុងខែមិថុនាកន្លងទៅ បានផ្ដល់អាទិភាពចម្បងលើការជួយប្រទេសដែលពឹងផ្អែកលើការនាំចេញរបស់លោក ដើម្បីអាចឆ្លងផុតការផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្មពិភពលោកក្នុងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់សន្និសីទសារព័ត៌មានថា "មេដឹកនាំទាំងពីរនឹងពិភាក្សាពីវិធីសាស្រ្តអភិវឌ្ឍសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង ឱ្យទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏ទូលំទូលាយនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសន្តិសុខ និងបរិស្ថានសេដ្ឋកិច្ចអន្តរជាតិ"។
អ្នកនាំពាក្យរូបនេះបន្ថែមថា ដោយផ្អែកលើកិច្ចព្រមព្រៀងបន្ទាបពន្ធគយលើទំនិញកូរ៉េខាងត្បូង មកត្រឹម ១៥% ដែលបានឈានដល់កាលពីខែមុន មេដឹកនាំទាំងពីរនឹងស្វះស្វែងរកការជំរុញភាពជាដៃគូនៅក្នុងវិស័យផលិតកម្ម រួមទាំងផ្នែកបន្ទះឈីបពាក់កណ្ដាលចម្លង ថ្មអាគុយ និងការកសាងនាវា ព្រមទាំងសារធាតុរ៉ែ និងបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀតផងដែរ។
ក្រុមអ្នកជំនាញនិយាយថា លោក Trump អាចនឹងប្រើប្រាស់កិច្ចប្រជុំកំពូលនេះ ដើម្បីស្វែងរកសម្បទានបន្ថែមលើការចំណាយលើវិស័យការពារជាតិ និងការវិនិយោគសាជីវកម្ម ដែលមិនលម្អិតពីកិច្ចព្រមព្រៀងនេះ៕

