សមាជិកសភាពីររូបបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាសង្ឃឹមថានឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធលើការនាំចេញរបស់ខ្លួនដល់៥០ភាគរយជុំវិញការទិញប្រេងរបស់ទីក្រុងញូវឌេលី ពីប្រទេសរុស្ស៊ីដែលត្រូវបានគេដាក់ទណ្ឌកម្ម ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដាក់ពន្ធបន្ថែម២៥ភាគរយលើទំនិញរបស់ប្រទេសឥណ្ឌា ដោយនាំឲ្យការដំឡើងពន្ធសរុបឈានដល់កម្រិតខ្ពស់បំផុតមួយដែលដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមួយនេះត្រូវប្រឈមមុខ។ សមាជិកសភាម្នាក់បាននិយាយដោយលើកឡើងពីសុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសទៅកាន់គណៈកម្មការថា «ទំនាក់ទំនងរបស់យើងជាមួយសហរដ្ឋអាមេរិកមានលក្ខណៈច្រើនទំហំ ហើយមិនគួរត្រូវបានមើលឃើញតែតាមរយៈដំណើរនៃពាណិជ្ជកម្មនោះទេ» ។
លោក Shashi Tharoor មេដឹកនាំគណបក្សCongress ជាគណបក្សប្រឆាំង និងជាប្រធានគណកម្មការបាននិយាយថា ពុំមានការផ្លាស់ប្តូរចំពោះកិច្ចចរចាពាណិជ្ជកម្មជុំទី៦ដែលបានគ្រោងទុកនោះទេ ដែលកំណត់ពេលធ្វើនៅថ្ងៃទី២៥ ខែសីហា នៅពេលដែលគណៈប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិកទៅដល់ទីក្រុងញូវឌេលី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pankaj Chaudhary បាននិយាយទៅកាន់សមាជិកសភាថាប្រហែល៥៥ភាគរយនៃការនាំចេញទំនិញរបស់ប្រទេសឥណ្ឌាទៅកាន់សហរដ្ឋអាមេរិកនឹងរងផលប៉ះពាល់ដោយការដំឡើងពន្ធថ្មី។ លោក Chaudhary បាននិយាយថា «ក្រសួងពាណិជ្ជកម្ម បានចូលរួមជាមួយផ្នែកពាក់ព័ន្ធទាំងអស់» ដើម្បីវាយតម្លៃពីស្ថានភាព។

