នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃចន្ទ ទី១១ ខែសីហា បានបញ្ជាក់ជាថ្មីការប្តេជ្ញាចិត្តរបស់លោកក្នុងការបញ្ចប់ដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។

ការសន្ទនានេះបានធ្វើឡើងនៅមុនជំនួបកំពូលដែលបានគ្រោងទុករវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅរដ្ឋអាឡាស្កា ក្នុងគោលបំណងព្យាយាមដោះស្រាយជម្លោះដែលមានរយៈពេលជាងបីឆ្នាំមកនេះ។
វាក៏បានធ្វើឡើងបន្ទាប់ពីការសន្ទនារបស់លោក Modi ជាមួយលោក Putin កាលពីសប្តាហ៍មុន ដែលក្នុងអំឡុងពេលនោះលោកក៏បានជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីផងដែរ។ ទីក្រុងញូវឌេលី បានរក្សាទំនាក់ទំនងយូរអង្វែងជាមួយទីក្រុងមូស្គូ ទោះបីជាខ្លួនព្យាយាមស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខកាន់តែជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ក៏ដោយ។

ប្រទេសឥណ្ឌាបានបញ្ចៀសការថ្កោលទោសដោយផ្ទាល់ចំពោះការឈ្លានពានរបស់រុស្ស៊ី ហើយជំនួសវិញដោយដាក់ខ្លួនឯងឈរនៅកណ្តាល។ លោក Modi បាននិយាយក្រោយការសន្ទនាជាមួយលោក Zelensky ថា «ខ្ញុំបានបង្ហាញពីជំហរមិនប្រែប្រួលរបស់ប្រទេសឥណ្ឌា លើភាពចាំបាច់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី និងទាន់ពេលវេលា»។
ការចរចាបីជុំរវាងទីក្រុងមូស្គូ និងទីក្រុងគីវនៅឆ្នាំនេះ បានបរាជ័យក្នុងការទម្លាយភាពទាល់ច្រក ហើយវាមិនច្បាស់នោះទេថា តើជំនួបកំពូលនៅរដ្ឋអាឡាស្កានឹងនាំភាគីទាំងពីរឲ្យខិតទៅកាន់តែជិតសន្តិភាពដែរឬយ៉ាងណានោះ។ លោក Putin បានច្រានចោលការចរចាដោយផ្ទាល់ជាមួយលោក Zelensky នៅពេលនេះ ខណៈមេដឹកនាំអ៊ុយក្រែនបាននិយាយថា ជំនួបបែបនេះមានសារៈសំខាន់សម្រាប់វឌ្ឍនភាព។