អាជ្ញាធរកោះតៃវ៉ាន់ នៅថ្ងៃអង្គារ (១២ សីហា) នេះ បានកំពុងព្យាយាមជម្លៀសមនុស្សរាប់រយនាក់នៅមុនពេលព្យុះទីហ្វុង Podul អាចនឹងវាយប្រហារដល់ដីគោកលើឆ្នេរសមុទ្រភាគអាគ្នេយ៍របស់កោះនេះ ខណៈតំបន់ក្បែរនោះមិនទាន់ងើបឡើងវិញស្រួលបួលផងពីទឹកជំនន់ និងខ្យល់កន្រ្តាក់ ដែលនាំមកដោយព្យុះមុនៗ។

តៃវ៉ាន់ តែងរងការវាយប្រហារដោយព្យុះទីហ្វុងញឹកញាប់ ជាទូទៅនៅតាមបណ្តោយតំបន់ភ្នំរបស់កោះ និងឆ្នេរភាគខាងកើតដែលមានប្រជាជនរស់នៅតិច។ មន្ត្រីឧតុនិយមនិយាយថា ព្យុះទីហ្វុង Podul កម្លាំងកម្រិតកណ្តាល ដែលមានល្បឿនរហូតដល់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងធ្វើដំណើរទៅកាន់ទីក្រុង Taitung ភាគអាគ្នេយ៍ ខណៈដែលព្យុះនេះកាន់តែខ្លាំងឡើង ហើយត្រូវបានរំពឹងថានឹងបោកបក់ដល់ដីនៅក្បែរនោះ នាថ្ងៃពុធ (១៣ សីហា) ស្អែកនេះ។
នៅតំបន់ភាគខាងកើតនៃទីក្រុង Hualien មនុស្សជិត ៧០០នាក់ ត្រៀមខ្លួនជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីការពារហានិភ័យទឹកជំនន់ពីការហូរហៀរនៃទំនប់ទឹកក្បែរនោះ បន្ទាប់ពីបំណាក់ដីបណ្តាលមកពីព្យុះទីហ្វុងពីមុនបានបង្កការខូចខាតមួយចំនួនរួចទៅហើយ។
មន្ត្រីឧតុនិយមនិយាយថា បន្ទាប់ពីបោកបក់ដល់ដីនៅកោះតៃវ៉ាន់រួច ព្យុះ Podul នេះត្រូវបានរំពឹងថានឹងវាយបោកលើឆ្នេរសមុទ្រភាគខាងលិចរបស់កោះ ដែលមានប្រជាជនរស់នៅច្រើនកុះករ មុនពេលធ្វើដំណើរទៅកាន់ខេត្ត Fujian ភាគខាងត្បូងរបស់ប្រទេសចិន នៅចុងសប្តាហ៍នេះ៕

